តំបន់ប្រេងនៅភាគឦសានស៊ីរី នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានទ័ពអាមេរិកស្របច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងក្រុម ISIS
តំបន់ប្រេងស្ថិតភាគឦសានប្រទេសស៊ីរី ដែលសហរដ្ឋអាមេរិកកំពុងការពារ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់យោធាអាមេរិក ធ្វើប្រតិបត្តិការប្រឆាំងក្រុមសកម្មប្រយុទ្ធ ISIS។ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិក ដកស្រង់ផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃពុធសប្ដាហ៍នេះ មន្ត្រីអាមេរិកដដែលបានគូសបញ្ជាក់ ថា «ឈរនៅលើមូលដ្ឋានដើម្បីការពារសុវត្ថិភាព តំបន់ប្រេងនៃភាគឦសានប្រទេសស៊ីរីនឹងត្រូវប្រើប្រាស់ជាមូលដ្ឋានមួយ សម្រាប់ពួកយើងបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពួក ISIS ដោយស្របច្បាប់»។