កូនឈើចំនួន៥ពាន់ដើម ត្រូវបានដាំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៩នេះ ព្រះសង្ឃរួមនឹងពុទ្ធបរិស័ទប្រមាណ៣៥០អង្គ/នាក់ បានចូលរួមដាំកូនឈើចំនួន៥ពាន់ដើមក្នុងរមណីយដ្ឋានអង្គរ ដែលស្ថិតនៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ឬនៅខាងកើតប្រាសាទប្រី ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា ដោយឱ្យសាធារណជនចូលរួមដាំកូនឈើក្នុងរមណីយដ្ឋានអង្គរក្នុងបុព្វហេតុរួមគ្នាអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ តំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការចូលរួមនៅពេលនេះ គឺបង្ហាញឱ្យច្បាស់ពីការឈឺឆ្កាលរបស់សាធារណជន ក្នុងន័យថែរក្សាកេរមរតកដ៏ផូរផង់របស់ដូនតាខ្មែរ។ ...