អាជ្ញាធរជាតិអប្សរាសាកល្បងគម្រោងចម្រោះទឹកកខ្វក់ពីបង្គន់ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន
អាជ្ញាធរជាតិអប្សរា សហការជាមួយរាជរដ្ឋាភិបាលបារាំងក្រោមគម្រោង PAAGERA(ប៉ាជឺរ៉ា) បានសាកល្បង នូវគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ចេញពីបង្គន់ខ្នាតតូចមួយកន្លែង ដើម្បីកាត់បន្ថយទឹកកខ្វក់ជ្រាបចូលក្រោមដី មានទីតាំងនៅភូមិរហាល សង្គាត់នគរធំ ក្រុងសៀមរាបនៃរមណីយដ្ឋានអង្គរ។ លោក ឡៃ ប៉ូទី បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថាគម្រោងនេះគឺជាប្រព័ន្ធសុវុឌ្ឍិកម្មទឹក ដែលស្តុកទឹកកខ្វក់ ដែលបង្ហូរចេញពីបង្គន់របស់ប្រជាជន ទៅចម្រោះដោយប្រព័ន្ធស្វ័យប្រវត្តិមួយ មុននឹងបញ្ចេញទៅកាន់ប្រព័ន្ធលូធំ។ ...