នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលចិនបានប្រកាសពី ការសម្រេចផ្អាកដោយគ្មានរយៈពេលកំណត់ នូវរាល់សកម្មភាពទាំងអស់ ដែកស្ថិតក្រោមកិច្ចសន្ទនាសេដ្ឋកិច្ចបែបយុទ្ធសាស្រ្តចិន-អូស្រ្តាលី ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែមិនទាន់អាចផ្សះផ្សាឲ្យប្រសើរឡើងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ។
ខាងចិនបានចេញសេចក្តីថ្លែងការណ៍ បកស្រាយពីការសម្រេចចិត្តខាងលើថា ថ្មីៗនេះរដ្ឋាភិបាលអូស្រ្តាលី បានដាក់ចេញវិធានការមួយចំនួន ដែលបង្កការប៉ះពាល់ដល់ ការធ្វើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាធម្មតា រវាងចិនហើយនិងអូស្រ្តាលី ដែលកើតចេញមកពី ផ្នត់គំនិតបែបសម័យសង្រ្គាមត្រជាក់ និងការរើសអើងមនោគមន៍វិជ្ជា។
ខាងអូស្រ្តាលីពុំទាន់ឃើញមានការឆ្លើយតបយ៉ាងណានោះទេ ចំពោះការសម្រេចចិត្តរបស់ចិន។ កិច្ចប្រជុំចុងក្រោយបំផុត ដែលស្ថិតក្រោមយន្តការកិច្ចសន្ទនាសេដ្ឋកិច្ចចិន-អូស្រ្តាលី ដែលមានគោលដៅធ្វើជាគោលការណ៍ស្នូល សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៧។
គួរបញ្ជាក់ថា ចំណងទាក់ទងទ្វេភាគីរវាងចិននិងអូស្រ្តាលី បានជួបភាពល្អក់កករ កាលពីឆ្នាំ២០១៨ នៅពេលអូស្រ្តាលីដាក់បម្រាមមិនឲ្យ ក្រុមហ៊ុនបចេ្ចកវិទ្យាយក្សរបស់ចិន Huawei ពាក់ព័ន្ធក្នុងបណ្តាញ 5G របស់ខ្លួន។ ក្រោយមក ទំនាក់ទំនងក៏កាន់តែដុនដាបមួយកម្រិតទៀត កាលពីឆ្នាំ២០២០ នៅពេលអូស្រ្តាលីបានអំពាវនាវឲ្យបើកការស៉ើបអង្កេតជាឯករាជ្យ ជុំវិញប្រភពនៃជំងឺ COVID-19 ដែលរកឃើញករណីដំបូងនៅក្នុងប្រទេសចិន។ ចាប់តាំងពីពេលនោះ ចិនក៏បានដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មជាបន្តបន្ទាប់លើ ផលិតផលរបស់អូស្រ្តាលី៕