កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដមផៃ សុខខេង នាយករងខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានដឹកនាំក្រុមការងារអញ្ជើញពិនិត្យ និងចុះឈ្មោះបោះឆ្នោត នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។
ឯកឧត្ដម ផៃ សុខខេង មានប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះរបស់ក្រុមការងារនៅពេលនេះ គឺដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ខាងមុខនេះ។ ចំពោះការមកចុះឈ្មោះបោះឆ្នោតនេះ បន្ទាប់ពីឯកឧត្ដម និងក្រុមការងារមួយចំនួន បានផ្លាស់ប្ដូរទីតាំងបោះឆ្នោតចេញពីខេត្ដផ្សេង ហើយនឹងត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីនៅមូលដ្ឋានឃុំសង្កាត់ ដែលជាវាសនាប្រទេសជាតិនាពេលខាងមុខ។
ឯកឧត្តមបានបន្ដថា ក្រុមការងារសម្ដេចពិជ័យសេនា បានសម្លឹងឃើញថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពិជាមានសារៈសំខាន់ខ្លាំងណាស់ ទើបធ្វើឱ្យពួកគាត់ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនាពេលនេះ។ ជាមួយនោះក៍សូមអំពាវនាដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមទៅពិនិត្យ និងចុះបោះឆ្នោតកុំខាន ព្រោះការបោះឆ្នោតនេះដូចការបោះឆ្នោតសកលជ្រើសរើសរដ្ឋភា និងព្រឹទ្ធសភារដែរ។ នាឱកាសនោះផងដែរឯកឧត្ដម និងក្រុមការងារ ក៍បានចុះសួរសុខទុក្ខអតីតមេឃុំ អតីតក្រុមប្រឹក្សាឃុំពាក់ស្នែង ស្រុកអង្គរធំ ព្រមទាំងសួរសុខទុក្ខពលរដ្ឋដែលមានជំងឺសំរាកនៅមណ្ឌលសុខភាពនៃឃុំនេះផងដែរ៕
អត្ថបទ និង រូបភាព៖ លោក ឈិត សាវី