គ្រូបង្គោលនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំ បានលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ និងតាមដានការសិក្សារបស់កូនៗ ពិសេសការណែនាំ និងបង្រៀនបន្ថែមតាមសមត្ថភាព ក្នុងអំឡុងពេលវិស្សមកាលនេះ ព្រោះមានតែសមាជិកគ្រួសារប៉ុណ្ណោះដែលនៅជាមួយពួកគាត់ជាប្រចាំ។
ក្នុងពិធីចែករង្វាន់សិស្សពូកែ សិស្សជួបការលំបាក នៅសាលាបឋមសិក្សាពួក នាថ្ងៃទី១ ខែកញ្ញានេះ លោកជំទាវ អ៉ី សុធារី គ្រូបង្គោលប្រចាំតំបន់៤ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិស្តីពីការជំរុញវិធានការគន្លឹះនៃវិស័យអប់រំរបស់រាជរដ្ឋាភិបាលនៃនីតិកាលទី៧ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈវិស័យអប់រំជាគោល ដោយមានការលើកទឹកចិត្តដោយផ្ដល់ជាសម្ភារសិក្សា និងការសម្របសម្រួលជាច្រើនក្នុងគោលបំណងធ្វើយ៉ាងណាឱ្យកុមារទទួលបានការសិក្សាគ្រប់ៗគ្នា។

លោកជំទាវបានបន្តថា ក្នុងនោះគ្រួសារ និងសហគមន៍ ក៏ត្រូវយកចិត្តទុកដាក់បំផុត ព្រោះបើទោះបីជារាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងណាក៏ដោយ ប្រសិនបើគ្រួសារមិនយកចិត្តទុកដាក់ និងជំរុញកូនៗរបស់ខ្លួនឱ្យមកសាលារៀន យើងក៏មិនបានជោគជ័យដែរ។ លោកថា មានតែការសិក្សាទេដែលអាចផ្លាស់ប្ដូរអនាគតយើងបាន នៅពេលដែលយើងមានចំណេះដឹង និងសមត្ថភាពពេញលេញ នោះទើបប្រទេសជាតិយើងមានភាពរឹងមាំ និងអាចកសាងបាននូវធនធានមនុស្សសម្រាប់តម្រូវការប្រជាជាតិកម្ពុជា។
លោក ឆេង ភាត់ នាយកសាលាបឋមសិក្សាពួក បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សាលានេះសម្រេចបាននូវសមិទ្ធផលជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងភាពរីកចម្រើននៃការអប់រំគួរឱ្យកត់សម្គាល់។ ប៉ុន្តែក្នុងនោះក៏មានបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីអាណាព្យាបាល ដូចជា អវត្តមានសិស្សមានកម្រិតខ្ពស់ ការបោះបង់ការសិក្សា និងការមករៀនយឺតជាដើម ដែលបញ្ហាទាំងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់លទ្ធផលនៃការសិក្សា និងធនធានមនុស្សនាថ្ងៃអនាគត ប្រសិនបើមិនមានការយកចិត្តទុកដាក់ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕


អត្ថបទ និងរូបភាព៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ









