កាលពីរសៀលវេលាម៉ោង៤ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត និងរថយន្ត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៨នាក់ទៀតរងរបួសធ្ងន់ស្រាល។ ករណីគ្រោះថ្នាក់នេះ ស្ថិតក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
តាមការឲ្យដឹងពី លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង ករណីគ្រោះថ្នាក់ចរាចរណ៍ មួយនេះកើតឡើង រវាងរថយន្តឈ្នួលម៉ាកស៊ីណា (SIENNA) និង រថយន្ត លុចស៊ីស (RX៣០០) បើកក្នុងទិសដៅ ច្រាស់ទិសគ្នា និងបានបុកគ្នាពេញទំហឹង បង្កឲ្យអ្នកបើករថយន្តឈ្នួលស្លាប់បាត់បង់ជីវិត។
លោកអធិការស្រុក បន្តថា សាកសពអ្នកបើកបរ មានឈ្មោះ សួ ភិន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកវត្ថុតាង សមត្ថកិច្ច បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តន៍តាមនិតិវិធី។
អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី