នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសនូវែលសេឡង់ បានសម្រេចចិត្តហាមឃាត់ មិនឱ្យអ្នកដំណើរទាំងអស់មកពីប្រទេសឥណ្ឌា ក្នុងនោះរួមទាំងពលរដ្ឋរបស់ខ្លួន ចូលមកក្នុងប្រទេសជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។
ការសម្រេចចិត្តខាងលើធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍នេះបានរកឃើញអ្នកឆ្លង COVID-19 ២៣នាក់ ក្នុងនោះមាន១៧នាក់ មកពីប្រទេសឥណ្ឌាជាទីដែលករណីឆ្លងកំពុងកើនឡើងយ៉ាងគំហុក។ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុង Auckland ដូច្នេះថា៖ «យើងសម្រេចចិត្តផ្អាកការធ្វើដំណើរចូលមកក្នុងប្រទេសជាបណ្ដោះអាសន្ន សម្រាប់អ្នកដំណើរទាំងអស់មកពីប្រទេសឥណ្ឌា»។
គួរបញ្ជាក់ថា បម្រាមខាងលើនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង ៤៖០០នាទីល្ងាច (ម៉ោងនៅក្នុងតំបន់) នៅថ្ងៃទី១១ រហូតដល់ថ្ងៃទី២៨ ខែមេសានេះ។ បើតាម គេហទំព័រ worldometer នូវែលសេឡង់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានអ្នកឆ្ល COVID-19 ចំនួន ២,៥៥៥នាក់ ក្នុងនោះស្លាប់២៦នាក់ និងជាសះស្បើយឡើងវិញ ២,៤៣៤នាក់៕