នៅព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះទៅបិទផ្សារចាស់ និងហាងផ្តិតរូបល្អពេញចិត្ត ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបជាបណ្តោះអាសន្នមានពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩។
លោក ពិន ប្រាកដ បានឱ្យដឹងថា ការសម្រេចបិទទីតាំងទាំងពីរខាងលើជាបណ្តោះអាសន្ន ក្រោយពេលមន្រ្តីជំនាញបានរកឃើញថា អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ក្នុងចំណោម ៤នាក់ដែលបានរកឃើញកាលពីថ្ងៃទី០៤ មានឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកលក់ថង់ប្លាស្ទិក និងទំនិញនៅតូបលេខ២៥ នៅផ្សារចាស់ និងបានទៅថតចម្លងឯកសារនៅហាងថតរូបល្អពេញចិត្ត ខាងត្បូងស្ទុបសុខា ផ្លូវស៊ីសុវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីថ្ងៃទី០២ ខែឧសភាកន្លងទៅ។
លោកអភិបាលរងខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញ-ចូលផ្សារចាស់ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ និងហាងថតរូបល្អពេញចិត្ត ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ៕
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
អត្ថបទ និង រូបភាព៖ ខេង ឧត្តម
កែសម្រួល៖ អ៊ុន ណារាជ្យ