អាជ្ញាធរសង្កាត់ជ្រាវ បានចាប់ផ្តើមដាក់គ្រឿងចក្រស្តារត្រពាំងបុរាណមួយ ឈ្មោះត្រពាំង´ហែផ្កា ដើម្បីរៀបចំទីនោះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ បន្ទាប់ពីទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះថា ត្រពាំងហែផ្កា នេះមានទំហំជាង៦ហិកតា និងមានដីចំណីត្រពាំងទទឹង៥០ម៉ែត្រព័ទ្ធជុំវិញ ស្ថិតនៅក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ត្រពាំងនេះនឹងត្រូវជីកស្តារជម្រៅ៣ម៉ែត្រ ដោយយកអាចម៍ដីមកចាក់បំពេញជុំវិញទួលមាត់ត្រពាំង កម្ពស់កន្លះម៉ែត្រទៅ ១ម៉ែត្រ តាមស្ថានភាពជាក់ស្តែង ដែលបន្ទាប់ពីរៀបចំរួចរាល់ អាជ្ញាធរនឹងផ្តល់ទីតាំជុំវិញមាត់ត្រពាំង ជូនពលរដ្ឋក្នុងមូលដ្ឋានមានការលក់ដូរតាមតម្រូវការ។
លោកចៅសង្កាត់ជ្រាវ បានបញ្ជាក់ទៀតថា កិច្ចការនេះ ជាផ្នែកមួយដើម្បីរក្សាសម្បត្តិជាតិឲ្យស្ថិតស្ថេរគង់វង្ស និងលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ តាមរយៈការបើកទទួលអ្នកទេសចរជាតិ អន្តរជាតិមកកម្សាន្តនៅរមណីដ្ឋានទេសចរណ៍ត្រពាំងហែផ្កានេះ។ កិច្ចការស្តារត្រពាំងនេះ គ្រោងនឹងបញ្ចប់ នៅក្នុងអំឡុងរដូវប្រាំង ឆ្នាំ២០២២។
សូមបញ្ជាក់ថា ត្រពាំងបុរាណឈ្មោះ´ហែផ្កា` មានទីតាំងស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានទំហំជាង៦ហិកតា។កន្លងមកត្រពាំងនេះរងការរំលោភបំពានគ្រប់គ្រងកាន់កាប់ដោយបុគ្គលមានឥទ្ធិពល៤ទៅ៥រូប ដោយពួកគេវាស់វែងចែកគ្នាសាងសង់មួយផ្នែក និងវាស់ពុះជាដីឡូត៍សម្រាប់លក់មួយផ្នែក។ ប៉ុន្តែក្នុងកំឡុងចុងឆ្នាំ ២០១៩ ដើមឆ្នាំ២០២០កន្លងមកនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរក្រុង និងខេត្តសៀមរាប ជួយសង្គ្រោះមកវិញទាន់ពេល ដោយឈូសឆាយវាយ កម្ទេចសំណង់ល្មើសច្បាប់ទាំងនោះ និងដកហូតយកដីត្រពាំងមករក្សាជាសម្បត្តិរដ្ឋ ហើយរៀបចំជាតំបន់ទេសចរ ក្រោមការចូលរួមសហការពីក្រុមពលរដ្ឋបែបនេះ៕
អត្ថបទ៖ ជា ស្រស់