ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីបច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកញ្ញានេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ដែលតម្រូវឱ្យអ្នកពាក់ព័ន្ធគ្រប់រូប និងប្រជាពលរដ្ឋត្រូវតែយល់ដឹង ស្វែងយល់ឱ្យបានកាន់តែច្បាស់ ដើម្បីទាញយកផលប្រយោជន៍អំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា ស្របតាមកម្មវិធីនយោបាយនីតិកាលទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងបានបន្តលើកកម្ពស់វិស័យទេសចរណ៍ និងបានគិតគូរជំរុញឱ្យប្រទេសជាតិ អាចដើរទាន់សម័យកាលនៃបច្ចេកវិទ្យា ដោយបានផ្តោតលើកាអភិវឌ្ឍបច្ចេកវិទ្យា ជាគន្លឹះអាទិភាពមួយទៀតផង។ លើសពីនេះ ក្នុងនាមជាប្រតិបត្តិករទេសចរ ការអភិវឌ្ឍសមត្ថភាពខ្លួនស្របតាមបច្ចេកវិទ្យាឌីជីថល គឺជារឿងសំខាន់ និងចាំបាច់ ដោយត្រូវសិក្សាស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យានៃការគ្រប់គ្រងប្រព័ន្ធនានា ការផ្សព្វផ្សាយទេសចរណ៍ និងការផ្តល់សេវាកម្មតាមរយៈឌីជីថល ជាពិសេសអំពីការការពារខ្លួនលើប្រព័ន្ធឌីជីថលរបស់ខ្លួន។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពរលូន និងទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត។ ក្នុងន័យនេះ ក្រុមការងារបរិវត្ដកម្មឌីជីថលក្រសួងទេសចរណ៍ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កើនអក្ខរកម្ម និងបំណិន បច្ចេកវិទ្យាឌីជីថលដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកប្រើប្រាស់។ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការអាជីវកម្មទេសចរណ៍។ បង្កើនការយកចិត្តទុកដាក់លើការងារសុវត្ថិភាព និងសន្តិសុខសាយប័រ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងបច្ចេកទេសច្បាស់លាស់ ជំរុញការធ្វើទីផ្សារបែបឌីជីផល និងរក្សាការធ្វើទីផ្សារបែបប្រពៃណី។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំបង្កើន និងអភិវឌ្ឍចំណេះដឹងវិជ្ជាជីវៈ សមត្ថភាពឱ្យបានជាប់ជាប្រចាំ ព្រមទាំង យកចំណេះដឹង និងសមត្ថភាពដែលខ្លួនមានទៅបំពេញការងារនៅអង្គភាពរបស់ខ្លួន ដើម្បីបង្កើតស្នាដៃ និងលទ្ធផលជូនអង្គភាពរៀងៗខ្លួន។ ត្រូវមានវប្បធម៌ចែករំលែកមេរៀន, បណ្តុះបណ្តាលបន្តផ្ទៃក្នុង, ឬចែករំលែក បទពិសោធដែលបានសិក្សា ជូនដល់សហការីនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីពង្រឹង និងពង្រីកចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល៕




អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ









