នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ និង អ្នកយកព័ត៌មានមួយចំនួនក្នុងខេត្ត ចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោក អ៊ួង ប៊ុនធឿន បុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ៣ប្រចាំខេត្តសៀមរាប និងមន្ត្រីយោធានៃកងពលតូចថ្មើរជើងលេខ៤១ ដែលបានទទួលមរណភាព កាលពីវេលាល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ដោយសារខ្យល់គ ខណៈពេលដែលលោក កំពុងធ្វើដំណើរតាមរថយន្ត តាមបណ្ដោយផ្លូវកូរ៉េ មកពីភូមិគោកគ្រើល ឃុំលាងដៃ ក្នុងទិសដៅពីជើងទៅត្បូង កាត់តាមភូមិនគរក្រៅ សង្កាត់គោកកចក ក្រុងសៀមរាប ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក លីវ សុខុន បានសម្ដែងនូវការសោកស្ដាយ និង អាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់លោក អ៊ួង ប៊ុនធឿន ដែលជាសហការីរួមវិជ្ជាជីវៈ និង ជាអ្នកយកព័ត៌មានដ៏ល្អម្នាក់នៅក្នុងខេត្ត ប្រកបដោយភាពថ្លៃថ្នូរ និង បានចូលរួមរំលែកមរណៈទុក្ខចំពោះគ្រួសារនៃសព ព្រមទាំងបួងសួងសុំឲ្យវិញ្ញាណក្ខ័ន្ធសពលោក អ៊ួង ប៊ុនធឿន បានសោយសោកនៅឋានសុគតិភព ៕
#មន្ទីរព័ត៌មានខេត្តសៀមរាប