ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា មន្ត្រីជំនាញវិស័យកសិកម្ម និងអង្គភាពស្ថាប័ន អង្គការដៃគូពាក់ព័ន្ឋនានា ត្រូវឈរលើស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មសម្រាប់ឆ្នាំ២០១៩ដល់២០២៣ ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ដោយផ្តោតលើចំណុចជាវិធានការមួយចំនួនដូចជា បន្តគាំទ្រការធ្វើទំនើបកម្មកសិកម្ម ជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានចីរភាព ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ផលិតភាព ស្របតាមយុទ្ឋសាស្ត្រចតុកោណអាណត្តិទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម ហ៊ាន វណ្ណហន មានប្រសាសន៍ទៀតថា ប្រការសំខាន់នោះ គឺគ្រប់អង្គភាពក្រោមឱវាទ ត្រូវបន្តជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ឱ្យមានប្រសិទ្ឋភាព ព្រមទាំងរៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្តិ ឱ្យសមស្របតាមនិន្នាការនៃការរីកចម្រើនរបស់ជាតិ ជាពិសេស ត្រូវអនុវត្តរាល់វិធានការ ដើម្បីកាត់បន្ថយការថមថយនៃគុណភាពដី និងខិតខំរៀបចំកំណត់ដំបន់ដាំដុះឱ្យស្របតាមប្រភេទដំណាំ និងទិសដៅប្រើប្រាស់យូរអង្វែង ដោយត្រូវរួមគ្នាបង្កើនកិច្ចសហការពហុភាគី ក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា ដើម្បីបង្កើនភាពកក់ក្តៅនិងទំនុកចិត្តជូនប្រជាកសិករនិងពាណិជ្ជករ ជំរុញការធ្វើកសិកម្មចម្រុះ រួមមានការដាំដុះ ការចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការពឹងពាក់ទាំងស្រុងលើធម្មជាតិ។
ឯកឧត្តម ហ៊ាន វណ្ណហន មានប្រសាសន៍បែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ក្នុងក្រុងសៀមរាប នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ ដែលសិក្ខាសាលានេះ មានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៨ ដោយមានអ្នកចូលរួមមកពីគ្រប់អង្គភាពពាក់ព័ន្ឋ ថ្នាក់កណ្តាលក្រោមឱវាទក្រសួង និងអង្គការដៃគូរពាក់ព័ន្ឋសរុបចំនួន៩៧នាក់ ។
សូមបញ្ជាក់ថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សា និងពិគ្រោះយោបល់លើការរៀបចំផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ដោយផ្តោតសំខាន់លើការកំណត់គោលបំណង សូចនាករ និងថវិកាសម្រាប់អនុវត្តកម្មវិធី និងចង្កោមសកម្មភាពរបស់អនុវិស័យទាំងអស់ក្នុងវិស័យកសិកម្ម ៕
អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប