រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៦ និងទី២០ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិសរុប ១៥២ ២០៨នាក់ ក្នុងនោះភ្ញៀវទេសចរ ជិត៧ម៉ឺននាក់ បានធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិនានា និងភ្ញៀវទេសចរប្រមាណ ៧ម៉ឺននាក់ទៀត បានទៅទស្សនាប្រាសាទបុរាណ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក ប្រធានមន្ទីរទេសចរណ៍ ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
លោក ង៉ូវ សេងកាក់ បានឲ្យដឹងទៀតថា ក្នុងនោះស្ថានភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប សម្រាប់ ភ្ញៀវទេសចរបរទេសមានចំនួន ១.៥០៨នាក់ ថយចុះ ៨៨,៧៨ភាគរយ បើប្រៀបធៀបនឹងរយះពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន ១៣.៤៤១នាក់ ។ សម្រាប់ភ្ញៀវទេសចរក្នុងស្រុកមានចំនួនប្រមាណ ១៥ម៉ឺននាក់ ដោយក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណជាង ៧៨.០០០ម៉ឺន និងចំនួនជាង៧២.០០០នាក់ បានចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាបដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា ជាដើម ៕