នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅមណ្ឌលចត្តាឡីស័ក សាលាគរុកោរសល្យ និងវិក្រឹតការខេត្តសៀមរាប ដែលកំពុងមមាញឹកក្នុងការទទួល ពិនិត្យតាមដានសុខភាពប្រជាពលករដែលវិលត្រលប់មកពីប្រទេសក្រៅវិញ ដោយអំណោយមនុស្សធម៌ទាំងនោះរួមមាន៖ ទឹកបរិសុទ្ធ៥០កេស មី៣០កេស នឹងទឹកផ្លែឈើចំនួន១០កេស។
ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម គុជ លីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រូពេទ្យ និងក្រុមការងារប្រចាំការនៅទីនេះ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាមិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ដែលនេះជាកិច្ចការសំខាន់មួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កំឱ្យរីករាលដាលកាន់តែធំជាងនេះ។ ចំពោះអំណោយដែលឧបត្ថម្ភនាពេលនេះ ទោះបីមានចំនួនតិចតួចក្ដីតែនេះជាការចូលរួម ក៏ដូចជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងក្រុមការងារដែលកំពុងបំពេញភារកិច្ចដ៏សកម្មនៅទីនេះ ដើម្បីឈានទៅគ្រប់គ្រងបានជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនេះ៕