ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២១នេះ សមាគមសមាគមរថយន្តតាក់ស៊ីដឹកភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប បាននាំអំណោយមនុស្សធម៌ រួមមាន ៖ ម៉ាស់០១កេស , អាល់កុល ៩០លីត្រ, អង្ករ ២៥០គីឡូក្រាម , មី ០៨កេសធំ , ទឹកសុទ្ធ ២០កេស ជូនដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងផ្តល់ជូនពលរដ្ឋធ្វើចត្តាឡីស័ក និង ពលរដ្ឋខ្វះខាត់នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត ។
ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក ពិន ប្រាកដ បានបញ្ជាក់ថា បញ្ហាការប្រយុទ្ធប្រឆាំង និងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ព្រោះបច្ចុប្បន្ននេះជំងឺនេះ បាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោកនៅឡើយ ។
លោក ពិន ប្រាកដ បានបញ្ជាក់ទៀតថា ក្រោយពេលដែលក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ រួមទាំងអ្នកពាក់ព័ន្ធផ្ទាល់ និង ប្រយោល នៅផ្សារក្រោម សង្កាត់ស្វាយដង្គំ និង ផ្សារវត្តអធ្វារ សង្កាត់សៀមរាប រួមទាំងសង្កាត់សាលាកំរើក ក្រុងសៀមរាប ទើបរដ្ឋបាលខេត្តសម្រេចធ្វើការបិទ ខ្ទប់ភូមិសាស្ត្រសង្កាត់ទាំងបីជាបណ្តោះអាសន្ន រហូតដល់មានភាពធូរស្រាលដូចដើមវិញ ទើបបើកឲ្យដំណើរការជាធម្មតាវិញ ដូច្នេះយើងគ្រប់គ្នា ត្រូវគោរពប្រតិបត្តិឲ្យខាងតែបាននូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និង សេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល ។
លោក ពិន ប្រាកដ បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ ហើយអំណោយទាំងអស់នេះ រដ្ឋបាលខេត្តនឹងចាត់បញ្ជូនឲ្យដល់គោលដៅសំខាន់ៗនៅជួរមុខ ប្រើប្រាស់តែម្តង ៕
អត្ថបទ និងរូបភាព ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត