កាលីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរបើកដំបូលចំនួន ៧គ្រួសារ នៅឃុំតាសៀម ស្រុកស្វាយលើ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ ដោយអំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាឱកាសនោះ ក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែនរៀល។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ចំពោះអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
ក្នុងឱកាសនេះដែរឯកឧត្តមក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយកុំប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។ ហើយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ ហេតុនេះក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធមម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានយកចិត្តទុក្ខជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ដោយក្រុមប្រតិបត្តិសាខាបានចុះអប់រំផ្សព្វផ្សាយជាហូរហែនៅក្នុងសហគមន៍ ព្រោះដូចយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ ហេតុនេះសូមបងប្អូនស៊ូទ្រាំលំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើង៕
អត្តបទនិងរូបភាព៖សាខាកាកបាទក្រហមខេត្ត