នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានជួបសំណេះសំណាល និងទទួលអំណោយជាថវិកា ដើម្បីចូលរួមអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ពីសប្បុរសជន មន្ត្រីរាជការនៃមន្ទីព័ត៌មានខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ។
ក្នុងនាមឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្ត លោក ស៊ុ សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីព័ត៌មានខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលបានឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ វាគឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ចំពោះអំណោយទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លាទាំងនេះ ដើម្បីបម្រើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋដែលកំបុងជួបការលំបាកដោយសារជំងឺកូវីដ-១៩ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម។
ថវិកាដែលមានទទួលបានពីសប្បុរសជនរួមមាន៖ មន្ទីរព័ត៌មានខេត្តសៀមរាប ថវិកាចំនួន ១,២៨២,០០០រៀល និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ថវិកាចំនួន ២,៩៩៣,០០០រៀល ៕