ខ្លោងទ្វារ តាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន ហើយខ្លោងទ្វារនេះ បានសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រះមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទ គង់លើដំរីក្បាលបី ចំណែកនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត្រ ។
ដោយសារកត្តាអាយុកាល កត្តាអាកាសធាតុ និងសង្គ្រាម បានធ្វើឲ្យដើមឈើដុះលើនិងក្បែរខ្លោងទ្វារនេះ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ដួលរលំស្ទើរអស់ ព្រមទាំងធ្វើឱ្យរចនាសម្ព័ន្ធរបស់ខ្លោងទ្វារមួយភាគធំ បានរងនូវការខូចខាតជាខ្លាំង ព្រោះរូបចម្លាក់ព្រះឥន្ទគង់លើដំរីក្បាលបី បានរលុះធ្លាក់ដល់ដី រីឯដំបូលក៏រលុះ និងផ្នែកនៅសល់បានហែកញែករកកលនឹងរលុះធ្លាក់មកដីទៀតដែរ ។
កញ្ញា ហាន សុច្ចរី ស្ថាបត្យករ និងជាអ្នកទទួលបន្ទុកលើការងារជួសជុលបង្កាន់ដៃរូបទេវតានិងអសុរ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះថា ដំណើរការជួសជុលនេះ គឺមានកិច្ចការងារចម្បងៗចំនួនបី ដែលត្រូវធ្វើជាចាំបាច់ គឺ ១. ការងាររៀបរន្ទារទល់ទ្រពង្រឹងរចនាសម្ពន្ធប្រាង្គខ្លោងទ្វារទាំងមូល ដើម្បីការពារសុវត្ថិភាពក្នុងកំឡុងពេលធ្វើការ និងផ្តល់លទ្ធភាពសម្រាប់អ្នកបច្ចេកទេសសិក្សាបច្ចេកទេសរួម ក្នុងការជួសជុល , ២. ការងារជួសជុលពង្រឹងជើងខឿនជ្រុងពាយ័ព្យហើយនិងដំរីអាទិទេព និង ៣. ការងារជួសជុលស្ពានប្រវែង១០ម៉ែត្រ ។
កញ្ញា ហាន សុច្ចរី បានឱ្យដឹងទៀតថា ការងារជួសជុលផ្នែកខាងលើ ក៏នឹងត្រូវអនុវត្តឲ្យទន្ទឹមគ្នា គ្រោងនឹងដំណើរការដំណាលគ្នា ប៉ុន្តែបញ្ហាដែលក្រុមការងារជួបប្រទះមានដូចជា ស្ថានភាពរូបចម្លាក់អមសងខាងស្ពានមានភាពទ្រុឌទ្រោមស្ទើរតែរាបដល់ដី ថ្មចម្លាក់មាននៅលាយឡំគ្នា និងខ្លះទៀតបានបាត់បង់ ធ្វើឱ្យក្រុមការងារពិបាកក្នុងការស្វែងរកថ្មមករៀបចំផ្គុំឡើងវិញ និងការសិក្សាកំណត់យកអ័ក្សរួមនៃថ្មកម្រាល ចម្លាក់ លើរចនាសម្ព័ន្ធស្ពាន ដោយសារថ្មជញ្ជាំងគ្រឹះមួយចំនួនធំបានងាកចេញពីទីតាំងដើម ហើយកិច្ចការដែលលំបាកផងដែរនោះ គឺការសិក្សាកំណត់យកអ័ក្សរួមនៃថ្មកម្រាលចម្លាក់លើរចនាសម្ព័ន្ធស្ពាន ដោយសារថ្មជញ្ជាំងគ្រឹះមួយចំនួនធំបានងាកចេញពីទីតាំងដើម ។ ខ្លោងទ្វារនេះសាងសង់អំពីថ្មភក់ និងថ្មបាយក្រៀម មានកំពូលរូបព្រះព្រហ្មចំនួន៣ ។ ចំកំពូលកណ្តាលនៃខ្លោងទ្វារនេះមានកម្ពស់២៣ម៉ែត្រ។ ដោយសារតែកត្តាអាយុកាល អាកាសធាតុ និងសង្គ្រាម បានធ្វើឲ្យដើមឈើដុះលើចាក់ឬស រូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាដួលរលំ និងបានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ បានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។
សូមជម្រាបថា ខ្លោងទ្វារតាកាវនេះ ត្រូវបានប្រារព្ធពិធីប្រុងពលី ដើម្បីដំណើរការជួសជុលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច , លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ក្រោមគំនិតផ្តួចផ្តើមនិងជួយឧបត្ថម្ភដោយលោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ អនុវត្តផ្ទាល់ដោយអាជ្ញាធរជាតិអប្សរា៕
អត្ថបទ និង រូបថត ៖ លោក ឈិត សាវី និង លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត