ក្រុមអាជីវករជាង១ពាន់នាក់ក្នុងផ្សារដំដែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប បាននាំគ្នាផ្ដល់សំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅវិទ្យាល័យដំដែក ខណៈដែលពួកគាត់មានការសង្ស័យឆ្លងមេរោគកូវីដ-១៩ ពីអ្នកលក់នំនៅក្នុងសផ្សារដំដែកនោះ។
បើតាមលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានបញ្ជាក់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នថា ការធ្វើតេស្ដអាជីវករនៅផ្សារដំដែកនោះ បានធ្វើឡើងចាប់ពីថ្ងៃទី០៣ ខែកក្កដានេះ បន្ទាប់ពីអាជ្ញាធរបានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាអ្នកលក់នំនៅខាងក្រោយផ្សារចូលទៅក្នុងផ្សារ និងអ្នកដឹកទំនិញចេញពីផ្សារកំពង់ក្ដី ស្រុកជីក្រែង ដែលជាផ្សារត្រូវបានអាជ្ញាធរបិទដោយសាររកឃើញអ្នកវិជ្ជមានកូវីដ១៩កន្លងមក។ ក្រោយពីអ្នកវិជ្ជមានកូវីដ-១៩ មានជាប់ពាក់ព័ន្ធអាជីវករនៅផ្សារដំដែកនោះ អាជ្ញាធរខេត្ដសម្រេចបិទជាបណ្ដោះអាសន្នចំនួន២សប្ដាហ៍ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កាន់តែច្រើនចូលក្នុងសហគមបន្ថែមទៀត។
លោកអភិបាលស្រុកបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ក្រុមគ្រូពេទ្យបានធ្វើតេស្ដរកមេរោគកូវីដ-១៩ ទៅលើមនុស្សជាង១ពាន់នាក់ និងមានវិជ្ជមានកូវីដ-១៩ ប្រមាណ៤០នាក់។ ជាមួយនោះអាជ្ញាធមិនត្រឹមតែបិទផ្សារដំដែកនេះទេ គឺមានបិទផ្សារថ្នល់ចែក និងភូមិលំនៅឋានប្រជាពលរដ្ឋខ្លះបន្ដែមទៀតផងដែរ។ ការធ្វើបែបនេះដើម្បីងាយស្រួលគ្រប់គ្រងនៃអ្នកវិជ្ជមានកូវីដ-១៩។
លោក ម៉ក់ ប្រុស បានបន្ថែមទៀតថា នៅក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ សម្រាប់ស្រុកសូទ្រនិគម ខេត្ដសៀមរាប គិតត្រឹមថ្ងៃទី០៤ ខែកក្កដា មានចំនួនអ្នកធ្វើតេស្ដរកមេរោគកូវីដ-១៩ ចំនួនសរុប២៨៥៥នាក់ ក្នុងនោះរកឃើញវិជ្ជមានចំនួន១៥០នាក់៕
អត្ថបទ និងរូបភាព: លោក ឈិត សាវី
កែសម្រួលអត្ថបទ: អ៊ុន ណារាជ្យ