រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៩៧នាក់, ព្យាបាលជាសះស្បើយ ៤៦នាក់ និងស្លាប់១នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០ កុម្ភ: នេះ។
យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៩៧នាក់ ក្នុងនោះករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ,ករណីទី៦ គឺជាករណីមានប្រភពចម្លងចេញពីការដ្ឋាន Rose Apple Square និងករណីទី៧ ដល់ទី៨ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក។ ក្នុងនោះ ករណីទី៩ ដល់ទី១៣ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ករណីទី១៤ ដល់ទី១៧ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ ជាមួយគ្នានេះ ករណីទី១៨ ដល់ទី៣១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៣២ ដល់ទី៩៧ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។
ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យក៏មានព្យាបាលជាសះស្បើយ ចំនួន៤៧នាក់ផងដែរ ហើយអ្នកទាំងនោះត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃទៀត។ នៅថ្ងៃដដែនេះដែរ ខេត្តសៀមរាបក៏មានករណីស្លាប់ចំនួន១នាក់ផងដែរ មានឈ្មោះ ឃឹម ញ៉ក ភេទប្រុស អាយុ៧៦ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៥៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៩២០នាក់ បានព្យាបាលជាសះស្បើយចំនួន២០២៤នាក់ ស្លាប់៤១នាក់ និង១៨៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ស្រុកសូទ្រនិគម។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ក្នុងនោះត្រូវអនុវត្តជាប្រចាំនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ