រដ្ឋបាលខេត្តសៀមរាប បានប្រកាសឱ្យដឹងថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៩នាក់, ព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៣៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដែលមានរាយនាមខាងក្រោម៖
ក្នុងនោះ ករណីទី១ ដល់ទី១១ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ស្រុកអង្គរជុំ, ករណីទី១២ ដល់ទី១៤ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងករណីទី១៥ ដល់ទី២១ ជាករណីឆ្លងមានប្រភព ចម្លងចេញពីផ្សារលើធំថ្មី ក្រុងសៀមរាប។ ចំពោះ ករណីទី២២ ដល់ទី៣១ ជាករណីមានប្រភពចម្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខេត្តឧត្តរមានជ័យ។ រីឯ ករណីទី៣២ ដល់ទី៩៩ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
ទន្ទឹមនឹងនោះ ក៏មានព្យាបាលជាសះស្បើយចំនួន ១៣៩នាក់ផងដែរ អ្នកទាំងនោះត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ, វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃទៀត។
ជាមួយគ្នានោះដែរ ក៏មានករណីស្លាប់ចំនួន ១ករណី ទៅលើឈ្មោះ CEVIN PRASETYO ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី អាសយដ្ឋាននៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ហើយបានស្លាប់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០១៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៥,៤០១នាក់, បានព្យាបាលជាសះស្បើយចំនួន ២,៩៦៥នាក់, ស្លាប់ ៦២នាក់ និង២,៣៧៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ , វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវរកមេរោគ។
រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕ ប្រភព: ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។