លោក សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ អង្គភាពយោធភូមិភាគទី៤ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន១ម៉ឺនដូស ដែលជាដូសទី៣ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចាក់ជូនជាដូសទី៣ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាកងកម្លាំងជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ លើគោលដៅចំនួន៥ គឺ ៖ ១.ទីបញ្ជាការយោធភូមិភាគទី៤ ចំនួន៣.០០០ដូស ,២.តំបន់ប្រតិបត្ដិការសឹករងសៀមរាប ចំនួន១.០០០ដូស ,៣.តំបន់ប្រតិបត្ដិការសឹករងឧត្ដរមានជ័យ ចំនួន១០០ដូស ,៤.ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ខេត្តឧត្ដរមានជ័យ ចំនួន១.៥០០ដូស និង៥.ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ស្រុកអន្លង់វែង ក្នុងខេត្តឧត្ដរមានជ័យ ចំនួន១.៥០០ដូស ។
លោក សុក រីនណា បានឱ្យដឹងទៀតថា ក្រៅពីការចាក់វ៉ាក់សាំងដូសទី៣ លើគោលដៅទាំង៥នេះហើយ យើងក៏មានគម្រោងចាក់ដល់កងកម្លាំងនៃតំបន់ប្រតិបត្ដិការសឹករងខេត្តផ្សេងទៀត រួមទាំងកងកម្លាំងនគរបាលនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ ព្រោះពួកគាត់ជាកងកម្លាំងដែលប្រឈមខ្លាំងនៅជួរមុខ។ ក្នុងឱកាសនោះដែរ លោកបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដែលជាដូសទី៣ សម្រាប់ចាក់ជូននាយទាហាន នាយទាហានរង និងពលទាហាននៅជួរមុខនៃយោធភូមិភាគទី៤ ។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ បានចាប់ផ្ដើមដំបូងនៃការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ- ១៩ ប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤នេះ ដែលមកដល់ពេលនេះ នាយទាហាន នាយទាហានរង និងពលទាហាន ប្រមាណជាង២ម៉ឺននាក់ បានទទួលវ៉ាក់សាំងទាំងពីរដូសហើយ៕
អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក លីវ សាន្ត