នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោក សុខ តុញ រួមនឹងក្រុមការងារឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បាននាំយកនូវទឹកបរិសុទ្ធចំនួន១០០កេស និងអាកុលចំនួន៣កាន ដែលជាអំណោយរបស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ជូនទីបញ្ជាការដ្ឋានយោធភាគទី៤ ក្រោមវត្តមានឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជា មេបញ្ជាការយោធភមិភាគទី៤ ។
ក្នុងនាមឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប លោក សុខ តុញ បានមានប្រសាសន៍ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋ បាននឹងកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប និងនៅតាមបណ្តាក្រុង ស្រុក មួយចំនួនក៏បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជំងឺដ៏កាចសាហាវនេះផងដែរ ដូច្នេះអំណោយដែលបានយកមកផ្តល់ជូននាពេលនេះ គឺកើតចេញឡើងពីទឹកចិត្តដ៏សប្បុរសធម៌របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ រួមជាមួយនិងក្រុមការងារ ដែលគឺជាសិល្ប: នៃការចែករំលែកក្នុងគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងជំងឺដ-១៩ នៅតាមមូលដា្ឋន ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤ បានមានប្រសាសន៍ថា កាយវិការមនុស្សធម៌របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និងក្រុមការងារនៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យយោធភូមិភាគទី៤ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩។ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង បានបញ្ជាក់ទៀតថា អំណោយទាំងអស់នេះគឺពិតជាមានតម្លៃ និងសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលក្រុមគ្រូពេទ្យយោធភូមិភាគទី៤កំពុងតែត្រូវការជាចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋផងដែរ៕
អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត