រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៦៨នាក់ និងព្យាបាលជាសះស្បើយចំនួន២០៥នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។
យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៦៨នាក់ ចំពោះករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី២ ដល់ទី២៧ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី២៨ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក។ ចំពោះករណីទី២៩ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង, ករណីទី៣០ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ និងករណីទី៣១ ដល់ទី៦៨ ជាករណីពុំទាន់អាចសន្និដ្ឋាន ពីប្រភពចម្លងច្បាស់លាស់នៅឡើយទេ។
ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យក៏មានព្យាបាលជាសះស្បើយ ចំនួន២០៥នាក់ ហើយអ្នកទាំងនោះត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃទៀត។
គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៤៨០នាក់, បានព្យាបាលជាសះស្បើយចំនួន៦៤៩៥នាក់, ស្លាប់៧៦នាក់ និង៩០៩នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ក្នុងនោះត្រូវអនុវត្តជាប្រចាំនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប