កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីលោកស្រី តាំង វ៉ាន់ច័ន្ទ និងស្វាមី ក្នុងនោះមាន ៖ អង្ករ ៥០០គីឡូក្រាម , ត្រីខ ២៥យួរ និងមី ២៤កេស និងក្រុមហ៊ុន អង្គរលេសស៊ីនហ្វូម ក្នុងនោះមាន ៖ អង្ករ ២តោន , ត្រីខ ១២ កេស, ទឹកត្រី ៣០យួរ , ទឹកស៊ីអ៊ីវ ៣០យួរ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសសម្រាប់ការផ្ដល់ជូនប្រជាពលរដ្ឋក្នុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ដែលកំណត់ជាតំបន់ក្រហម ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។
មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក ពិន ប្រាកដ បានថ្លែងអំណរគុណចំពោះលោកស្រី តាំង វ៉ាន់ច័ន្ទ និងស្វាមី និងក្រុមហ៊ុន អង្គរលេសស៊ីនហ្វូម ដែលបានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ធ្វើការបែងចែកបន្តដល់បងប្អូនទៅតាមគ្រួសារខ្នងផ្ទះជួបការលំបាកក្នុងតំបន់ក្រហម ដែលកាយវិការនេះបានបង្ហាញឲ្យឃើញនូវទឹកចិត្តសប្បុរសធម៌ នៃវប្បធម៌ក្នុងការចែករំលែក នឹង ជាការចូលរួមជាមួយរាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតមានឡើង ។
លោក ពិន ប្រាកដ មានប្រសាសន៍ទៀតថា រដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តបាន បានយកចិត្តទុកដាក់ និង គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសការដោះស្រាយនូវជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ដែលកំណត់ជាតំបន់ក្រហម រួមទាំងការខិតខំប្រឹងប្រែងពន្យល់ ណែនាំ និងអប់រំប្រជាពលរដ្ឋ អំពីវិធានការការណែនាំនានារបស់ក្រសួងសុខាភិបាល និងវិធានការ របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រោះនេះជាបញ្ហារួមទាំងអស់គ្នា ដែលមិនមែនជាបញ្ហារបស់ បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង ប្រជាពលរដ្ឋទូទៅ ៕
អត្ថបទ និងរូបភាព ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត