ការិយាល័យប្រចាំទ្វីបអាហ្រ្វិក របស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា បានលើកឡើងថា ប្រទេសទាំងឡាយគួរតែអនុវត្តបម្រាមធ្វើដំណើរ និងចំណាត់ការបង្ការនិងគ្រប់គ្រង COVID-19 ដោយឈរលើមូលដ្ឋានវិទ្យាសាស្រ្ត និងតាមក្បួនច្បាប់សុខាភិបាលអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ នេះ ។
ឆ្លើយតបការលេចឡើងនៃវីរុសបំប្លែងថ្មី អូម្រីក្រុង (Omicron) ប្រទេសជាបន្តបន្ទាប់ បាននាំគ្នាដាក់ចេញបម្រាមធ្វើដំណើរលើជើងហោះហើរ និងអ្នកដំណើរមកពីប្រទេសអាហ្រ្វិកត្បូង ក៏ដូចជាប្រទេសអាហ្រ្វិកមួយចំនួនទៀត ហើយព្រមទាំងបានពង្រឹងចំណាត់ការបង្ការ និងគ្រប់គ្រងជំងឺ COVID-19 ឡើងវិញផងដែរ។
នាយក WHO ប្រចាំទ្វីបអាហ្រ្វិក លោកស្រី ម៉ាត់ស៉ីឌីសូ ម៉ូអេទី (Matshidiso Moeti) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «បម្រាមធ្វើដំណើរអាចចូលរួមចំណែកតិចតួច ក្នុងការកាត់បន្ថយការរាតត្បាត COVID-19 ប៉ុន្តែវាដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើជីវិត និងជីវភាពរស់នៅរបស់យើង»។
លោកស្រី ម៉ូតេអ៉ី បានគូសបញ្ជាក់ថា ប្រសិនបើវិធានការរឹតត្បិត ចាំបាច់ត្រូវតែអនុវត្ត នោះវាមិនគួរមានលក្ខណៈតឹងតែងហួសហេតុពេកឡើយ ហើយគួរតែឈរលើមូលដ្ឋានវិទ្យាសាស្រ្ត ដោយស្របទៅតាមក្បួនច្បាប់សុខាភិបាលអន្តរជាតិ។ លោកស្រីបានសង្កត់ធ្ងន់ថា ពិភពលោកអាចមានឱកាសយកឈ្នះ COVID-19 បាន តាមរយៈមធ្យោបាយតែមួយគត់ គឺសហការគ្នារកដំណោះស្រាយ។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្រ្តមិនទាន់ប្រាកដនោះទេថា វីរុសបំប្លែងថ្មី Omicron អាចមានសមត្ថភាពឆ្លងរាលដាល កាន់ឆាប់រហ័សថែមទៀត ធៀបនឹងវីរុស COVID-19 បំប្លែងខ្លួន ពីមុនៗ ហើយអាចបង្កជំងឺដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏យ៉ាងណា។ វាត្រូវបានរកឃើញដំបូងបំផុត នៅប្រទេសអាហ្រ្វិកខាងត្បូង កាលពីសប្តាហ៍កន្លងទៅ៕