ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន ស្ដីអំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៅបរិវេណនៅប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ក្នុងទឹកដីខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឯកឧត្ដម ជាសុផារ៉ា មានប្រសាសន៍ថា ពីធីប្រគល់-ទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នាពេលនេះ គឺជាសក្ខីភាពដ៏ជាក់ស្តែង និងជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការអមតៈរវាងប្រជាជាតិ និងប្រជាជនកម្ពុជា-ចិន បន្ទាប់ពីប្រាសាទតាកែវនេះ បានចាប់ផ្តើមជួសជុលក្នុងឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាអស់ចំនួន ៤០លានយន់ ដែលជាគម្រោងទី២ សម្រាប់ការជួយជួសជុលប្រាសាទ នៅក្នុងតំបន់នៃរមណីយដ្ឋានអង្គរ ខណៈគម្រោងទី១ គឺការជួយជួសជុល និងអភិរក្សប្រាសាទចៅសាយទេវតា ដែលបានចាប់ផ្តើមជួសជុលក្នុងឆ្នាំ២០០០ បញ្ចប់ក្នុងឆ្នាំ២០០៨ ប្រើប្រាស់ថវិកា ចំនួន ១៤លានយន់ ។
ឯកឧត្ដម បន្តថា បច្ចុប្បន្ននេះ ក្រៅពីការជួយជួសជុលប្រាសាទចៅសាយទេវតា និង ប្រាសាទតាកែវ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងសិក្សាគម្រោងជួសជុល ព្រះបរមរាជវាំងអង្គរធំ ដែលគ្រោងនឹងប្រើរយៈពេល១០ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៩ ប្រើប្រាស់ថវិកាចំនួន ៩០លានយន់ ហើយថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏ទើបទទួលបានមូលនិធិពិសេសចំនួន៣៧៩.៤០០ ដុល្លារអាម៉េរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង សម្រាប់រយៈពេល២ឆ្នាំ ដែលនឹងត្រូវអនុវត្តនៅចុងឆ្នាំ២០២២នេះ ដើម្បីអភិរក្សនិងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជឿជាក់ថា សាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនានា នឹងបន្តចូលរួមកាន់តែសកម្មក្នុងកិច្ចការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដូចដែលភាគីមិត្តបាននិងកំពុងធ្វើក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងការគាំទ្រភាពជាដៃគូអាស៊ាន-ចិនក្នុងក្របខណ្ឌអាស៊ានតាំងតែពីដើមរៀងមក និងចំពោះតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ និងជាពិសេសបំផុត ការផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យយើងអាចគ្រប់គ្រងវិបត្តិដ៏ធ្ងន់ធ្ងរនិងជាសាកលនេះបានឆាប់រហ័ស និងអាចចាប់ផ្តើមបើកប្រទេសឡើងវិញ ស្តារបានជាបន្តបន្ទាប់នូវសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាប័ន្ន ហើយឯកឧត្តមបានបង្ហាញនូវសុទិដ្ឋិនិយមថា ស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ នឹងបន្តរួមចំណែកដល់ការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់យើង ក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចិននិងកម្ពុជាគឺមានមូលដ្ឋានគ្រឺះរឹងមាំ ហើយប្រជាជននៃប្រទេសទាំងពីរមានវប្បធម៌ទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ឋបំផុត នេះជាមូលដ្ឋានដ៍មានអត្ថន័យបំផុតសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ត្បិតអារ្យធម៌នីមួយៗមានតម្លៃរបស់ខ្លួន ហើយអារ្យធម៌នៃប្រទេសចិននិងកម្ពុជាជាប្រទេសមានអារ្យធម៌រុងរឿងតាំងពីយូរលង់ណាស់មកហើយៗ រីឯតម្លៃនៃការជំរុញនិងការតភា្ជប់សហប្រតិបត្តិការរវាងចិននិងកម្ពុជាគឺមានឥទ្ឋិពលយ៉ាងខ្លាំងក្លា។
ឯកឧត្តម នាយករដ្ឋមន្ត្រីចិន បញ្ជាក់ទៀតថា ការជួសជុលប្រាសាទតាកែវ គឺជាគម្រោងទី២ ជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិនបានផ្ដល់ឱ្យកម្ពុជា ដើម្បីចូលរួមអភិរក្សនិងថែរក្សាសម្បត្តិវប្បធម៌ របស់មនុស្សជាតិនៅក្រោមក្របខណ្ឌរបស់អង្គការUNESCO ហើយឯកឧត្តម សង្ឃឹមថា ជំនួយលើគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវនេះ នឹងផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា សម្រាប់ការផ្លាស់ប្ដូរគ្នានូវអារ្យធម៌ របស់ប្រទេសនៅក្នុងពិភពលោកនេះដែរ។
គួររំលឹកថា កិច្ចសហប្រតិបតិ្តការមិត្តភាពទ្វេភាគីកម្ពុជា-ចិនកើតឡើងយូរលង់ណាស់មកហើយ គិតចាប់តាំងពីសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរនៅឆ្នាំ១៩៥៨។ ទំនាក់ទំនងដ៏ស្អិតរមួតនេះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំចិន បានរួមគ្នាប្រឹងប្រែងអស់ពីសមត្ថភាព ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ រហូតបានដំឡើងទៅជា“កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” តាំងពីឆ្នាំ២០១០ ហើយ ឯកឧត្តម លីខឺឈាង នាយករដ្ឋមន្រ្តីផ្ទាល់ គឺជាតួអង្គដ៏សំខាន់មួយរូបនៅក្នុងការសម្រេចគោលបំណងដ៏ពិសិដ្ឋនេះចាប់តាំងពីឆ្នាំ២០១៣មក។
ប្រទេសចិនក៏ជាសហប្រធានជាមួយប្រទេសឥណ្ឌានៃ ICC-ព្រះវិហារ ដោយការសិក្សានៃគម្រោងអភិរក្សនិងជួសជុល គោពបុរៈទី១, ទី២ និងទី៣ ដែលភាគីចិនកំពុងតែធ្វើការសិក្សាយ៉ាងល្អិតល្អន់ដើម្បីរួមចំណែកក្នុងការរក្សា ការពារប្រាង្គប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយទៀត បន្ទាប់ពីរមណីយដ្ឋានអង្គរ។ក្រៅពីកិច្ចការអភិរក្សទាំងអស់នេះ ស្ថាប័នសាធារណៈនិងឯកជនចិនផ្សេងទៀត ក៏បានចូលរួមចំណែកក្នុងការងារអភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌កម្ពុជាផងដែរ ៕
អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត