ដោយទទួលបាន ការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលជួបសម្ដែងការគួរសម និងជូនពរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គល និងវិបុលសុខ មហាប្រសើរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ខាងមុខនេះ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរព័ត៌មានខេត្តសៀមរាប មានកិត្តិយសដ៏ឧត្តុង្គឧត្តម សូមគោរពសម្តែងនូវមនោសញ្ចេតនា គារវភក្តីយ៉ាងស្មោះស្ម័គ្របំផុត និងអំណរសាទរ ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ និង សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំង ឡាយលើលោក ឬទ្ធិតេជះបារមី ព្រះឥន្ទ ព្រះព្រហ្ម ទេវតាឆ្នាំថ្មីព្រះនាម ទុង្សាទេវី ថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងសូមព្រះអង្គជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ ជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗទៀត ព្រមទាំងពរជ័យសិរីមង្គលដ៏មហាប្រសើរបំផុត ៕