នៅក្នុងបរិវេណវត្តព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣នេះ គណៈកម្មការរដ្ឋបាលខេត្តបានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ចំនួន២.៤៦១ក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ក្នុង ភូមិរការធំ. ភូមិព្រៃ និងភូមិចន្លោ ដែលមានរយៈពេលសរុបចំនួន១៥ថ្ងៃ ដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក គឺចាប់ពីថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមការងារចុះបញ្ជីដីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍ថាខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្តអទិភាពទាំង ២៥ រាជធានី-ខេត្ត ដែលត្រូវបានអនុវត្តន៍ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុវត្តន៍ការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយអាជ្ញាធរដែនដី ជាពិសេសតាមការចង្អុលបង្ហាញ របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
លោក ហ៊ី សាយ បន្តថា ក្រុមការងារជំនាញក្រោយពីធ្វើការវាស់វែងបានបញ្ចប់ ហើយបានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន ដែលបានកំណត់វិនិច្ឆ័យ ព្រុំ.និងបានបញ្ចូលទិន្នន័យចំនួន ២.៤៦១ ក្បាលដី ហើយក្នុងការបិទផ្សាយជាសាធារណះ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បី បញ្ជៀសការកើតមានទំនាស់ដីធ្លី ហើយក្នុងរយៈ ពេលនេះ គឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំដោយមិនគិតពីថ្ងៃឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន សូមរាយការណ៍មកមន្ត្រីជំនាញដើម្បីធ្វើការកែសម្រួលអោយបានត្រឹមត្រូវឡើងវិញ ។
លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ និង ដើម្បីឲ្យម្ចាស់ដី និង អ្នកកាន់កាប់ដីទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវ ប៉ុន្តែក្នុងករណីពិនិត្យទៅឃើញថាមានកំហុសឆ្គង ត្រូវដាក់ពាក្យចូលមកគណៈកម្មការរដ្ឋបាល ។
លោកអភិបាលរងក្រុងបន្តថា នេះជាលទ្ធផល និង សក្ខីភាពដែលបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថា ការចុះបញ្ជីដីមានលក្ខណះជាប្រព័ន្ធនេះ គឺជាការកាត់បន្ថយទំនាស់និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយមិនត្រឹមតែប៉ុណ្ណោះការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ នេះគឺឈានទៅដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គល ណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះមិនមែនដើម្បីប្រយោជន៍សាធារណៈ ប៉ុន្តែការដកហូតត្រូវធ្វើទៅតាមទម្រង់ និង នីតិវិធីបញ្ញត្តិដោយច្បាប់ និងបទបញ្ជា បន្ទាប់ពីបានផ្តល់សំណងជាមុនដោយ សមរម្យ និងយុត្តិធម៌។
លោក ហាយ យង់ ក៍បានធ្វើការអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះពេលត្រឡប់ទៅមូលដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយប្រជាពលរដ្ឋ ពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានដឹង នឹងមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីដីធ្លីមាន មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរដែលបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នា ។
នៅក្នុងឱកាសនោះដែរ លោក វិញ បូរ៉ា អនុប្រធានការិយាល័យនៃសាខាពន្ធដារខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធលើវិស័យអចលនទ្រព្យ ជូន ដល់បងប្អូនប្រជាពលរដ្ឋដែលបានមកពិនិត្យក្បាលដី នាពេលនោះទីនេះ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការចូលរួមបង់ពន្ធរបស់ប្រជាពលរដ្ឋ និងអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅប្រកាស និងបង់ពន្ធ តាមពេលវេលាកំណត់ ដែលជាការចូលរួមលើកកម្ពស់វប្បធ៌មនៃការបង់ពន្ធ។
ជាមួយគ្នានោះដែរ លោក វិញ បូរ៉ា បានលើកយក៣ចំណុចសំខាន់ៗមកផ្សព្វផ្សាយគឺ ៖ ទី១. ពន្ធលើអចលនព្យ , ទី២. ពន្ធលើដីទំនេរមិនប្រើប្រាស់ និង ទី៣. ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ព្រមទាំងបានរំលឹកដល់ប្រជាពលរដ្ឋ ដែលមិនទាន់បង់ពន្ធលើអចលនទ្រព្យ និង ឬ ពន្ធលើដីទំនេរមិនប្រើប្រាស់ អញ្ជើញរួសរាន់ទៅបង់ពន្ធ ព្រោះការបង់ពន្ធប្រចាំឆ្នាំ២០២៣នេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ៕
អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ និង លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត