ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៨ នៅមុខប្រាសាទអង្គរវត្ត បានបញ្ចប់ហើយនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នេះ ដែលមានអ្នកចូលរួមសរុប ១០ ១៥៤នាក់ កើនឡើងប្រមាណ ៤០% បើធៀបទៅនឹងឆ្នាំ២០២២ ។
ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ មានអត្តពលិកអន្តរជាតិមកពី ៧៨ប្រទេស សរុបជាង ៣ ៦០០នាក់ ក្នុងនោះជនជាតិអង់គ្លេស សហរដ្ឋអាមេរិក និងបារាំងមានចំនួនច្រើនជាងគេ។
អញ្ជើញជាអធិបតីក្នុងកម្មវិធីនោះ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បង្ហាញថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៨ ត្រូវបានធ្វើឡើងនៅក្នុងខែធ្នូជារៀងរាល់ឆ្នាំ។ ទិវានេះដែរ រៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ បំផុសសកម្មភាពកីឡា បង្កើន សាមគ្គីភាព សុខភាពទាំងប្រជាពលរដ្ឋ ក៏ដូចជាអត្តពលិកអាជីពផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បានប្រកាសអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងខួបលើកទី២៨ នៃកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអង្គការបេះដូងមាស ដែលបានសហការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិនៅតំបន់អង្គរនេះ ប្រកបដោយភាពជោគជ័យជារៀងរាល់ឆ្នាំ។
អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី