បុណ្យរំលឹកគុណអង្គរ ដែលមានរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នោះ បានប្រារព្ធពិធីបើកជាផ្លូវការហើយ នៅទីលានមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវ ពេជ ចន្ទមុន្នី បានបញ្ជាក់ថា ពិធីបុណ្យរំលឹកគុណអង្គរ បានរួមចំណែកដល់ការផ្សព្វផ្សាយបន្ថែមទៀតអំពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ពិសេសដើម្បីរំលឹកដល់បុព្វការីជនគ្រប់ជំនាន់ ដែលបានខិតខំកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន ហើយពិធីបុណ្យនេះ ពិតជារួមចំណែកដល់ការផ្សព្វផ្សាយបន្ថែមទៀតអំពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលភ្ញៀវទេសចរនឹងអាចបន្តទស្សនាសក្ខីកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរដែលមានទេពកោសល្យខ្ពស់ និងដើម្បីបញ្ជាក់បន្ថែមទៀតនូវអ្វីដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ។
លោកជំទាវបណ្ឌិត បន្តថា ការរៀបចំពិធីបុណ្យនេះ ជាការបង្កើតនូវទំនៀមទម្លាប់ និងវប្បធម៌នៃការដឹងគុណ ដែលជាតម្លៃសីលធម៌សម្រាប់កូនចៅជំនាន់ក្រោយចងចាំ និងស្គាល់ប្រភព និងអរិយធម៌ ដែលដូនតាយើងបន្សល់ទុក ដែលមិនខុសពីអ្វីដែលយើងធ្លាប់ធ្វើកន្លងមក និង ដើម្បីរំលឹកយុវជនយុវតីយើងថា ផឹកទឹកឲ្យនឹកប្រភព ហើយព្រឹត្តិការណ៍ថ្ងៃនេះ ក៏ជាការរំលឹកខួបលើកទី៣១ នៃការសម្រេចចិត្តរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងការចុះបញ្ចូលអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។
លោកជំទាវបណ្ឌិត បញ្ជាក់បន្ថែមថា “ខ្ញុំសូមដកស្រង់ពាក្យគន្លឹះមួយចំនួនថា៖ យើងប្រជារាស្ត្រខ្មែរភ្ញាក់រលឹករក្សាការពារទឹកដីកម្ពុជា អធិបតេយ្យភាពថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ ដើម្បីកសាងប្រទេសជឲ្យក្លាយទៅជាកោះសន្តិភាពឡើងវិញ”ដែលក្នុងហេតុផលនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជារដ្ឋបុរសរបស់យើង បានដាក់ពាក្យស្លោកថា អរគុណសន្តិភាព ដើម្បីគាំទ្ររដ្ឋធម្មនុញ្ញ និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ និងការបន្តនូវស្មារតីដ៏ត្រឹមត្រូវនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យវប្បធម៌ និងទេសចរណ៍ត្រូវបានគេមើលឃើញថាមានការរីកចម្រើន និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីទាក់ទាញទាំងជាតិសាសន៍ ដែលជាក់ស្តែង ការអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរទាំងមូលបានឆ្លងកាត់ការផ្លាស់ប្តូរសោភ័ណភាព ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលៗជាតិ ដែលទទួលស្គាល់ដោយសាធារណជន។
លោកជំទាវប្រកាសថា អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយយើងត្រូវរួបរួមគ្នាការពារទឹកដីកម្ពុជា និងទទួលខុសត្រូវចំពោះជោគវាសនាអនាគតរបស់ប្រទេសជាតិ ឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសន្តិភាពជានិរន្តរ៍ ហើយយើងទាំងអស់គ្នាឯកភាពជាឯកច្ឆ័ន្ទថា អង្គរគឺជាស្មារតីនៃឯកភាពជាតិ រំលឹកដល់ឯកភាពជាតិ និងអន្តរជាតិ និងជាគំរូដ៏ថ្លៃថ្លាបំផុតនៃកិច្ចសហប្រតិបត្តិការគ្មានព្រំដែនរវាងប្រជាជាតិនានាក្នុងពិភពលោក ដែលកិច្ចព្រមព្រៀងនេះ គឺជាកតិកាសញ្ញាជាតិ និងអន្តរជាតិ ដែលយើងចង់រំលឹកឡើងវិញនៅថ្ងៃនេះ ក្នុងបរិយាកាសរីករាយក្នុងអង្គរ ហើយអង្គរជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយក្នុងពិភពលោក។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ពិធីបុណ្យរំលឹកគុណអង្គរនេះ គឺជាព្រឹត្តិការណ៍មួយដែលប្រព្រឹត្តិទៅលើថ្នាលសុខសន្តិភាពយ៉ាងពេញលេញនៃគោលនយោបាយឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តនូវមរតកនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយភាពឈ្លាសវៃ និងពោរពេញដោយថាមវន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល រមែងចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិជាអាទិភាពចម្បងតំណាងនូវដួងព្រលឹង និងអត្តសញ្ញាណជាតិយើង ក៏ដូចជាការរួមចំណែកក្នុងសេដ្ឋកិច្ចដែលនាំមកនូវការរីកចម្រើនប្រកបដោយចេរភាព សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ។
លោកជំទាវបន្តថា ពិធីបុណ្យរំលឹកគុណអង្គរនាឆ្នាំនេះ ក៏នឹងរួមបញ្ចូលផងដែរ នូវការរៀបចំតាំងពិព័ណ៌សមិទ្ធផលរបស់អាជ្ញាធរជាតិអប្សរា ការទស្សនាសារមន្ទីរ ការចុះទស្សនាការដ្ឋាន នានាក្នុងរណីយដ្ឋានអង្គរ និងការសម្តែងសិល្បៈទស្សនីយភាព ព្រមទាំងកម្មវិធីសំខាន់ៗមួយចំនួនទៀត ដូចជា៖ការហែក្បួនព្យុះហយាត្រា ដោយសិស្សានុសិស្ស ចំនួនជាង១,២៥០ នាក់ ក្រោមប្រធានបទអរគុណអង្គរ អរគុណសន្តិភាព។
សូមបញ្ជាក់ថា ក្នុងពិធីបុណ្យរំលឹកគុណអង្គរនេះ មានសម្ដែងនីវសិល្បៈជាច្រើន រួមមាន ៖ ការសម្តែងសិល្បៈល្ខោនយីកេមហាជន គឺជាក្រុមសិល្បៈមកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ , ការសម្តែងសិល្បៈល្ខោនបុរាណពោលស្រី គឺជាក្រុមសិល្បៈមកពីស្រុកកៀនស្វាយ ខេត្តកណ្តាល . ការសម្តែងសិល្បៈទស្សនីយភាពនៃព្រឹត្តិការណ៍រាត្រីចងចាំលើកទី៤ គឺជាក្រុមសិល្បករនិងសិល្បការិនីក្នុងនិងក្រៅប្រព័ន្ធ ,ការសម្តែងសិល្បៈល្ខោនស្បែកធំ គឺជាក្រុមសិល្បៈមកពីវត្តរាជបូណ៌ ក្រុងសៀមរាប ដែលឧបត្ថម្ភគាំទ្រដោយ សម្ដេចព្រះ ព្រហ្មរតនមុនី ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូរណ៍ និង មានការសម្តែងសិល្បៈល្ខោនចម្រុះរបស់សិល្បៈករ នៃសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងសកម្មភាពដ៏ទៃៗ ទៀតជាច្រើន ទៀត៕
អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត