ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតថ្នាក់បរិញ្ញាបត្ររង. បរិញ្ញាបត្រគិលាននុបដ្ឋាកបែបពាក់កណ្តាលពេល និងបរិញ្ញាបត្រ ព្រមទាំងបំពាក់មេដាយដល់និស្សិតជ័យលាភី ចំនួន១៩៩នាក់ នៃសាកលវិទ្យាល័យអង្គរខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២៣នេះ ។
ក្នុងនាមឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀងណាំ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអង្គរ លោកបណ្ឌិត សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអង្គរ បានថ្លែងថា ក្រោមការដឹកនាំក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តនាំមកនូវសុខសន្តិភាព និងស្ថេរភាពក្នុងទទូទាំងប្រទេស ដែលនេះជាកក្តាផ្តល់នូវឱកាសដ៏មហាសាលសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសង្គមឱ្យរីកចម្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។
លោកបណ្ឌិត សុខ តុញ បន្តថា ក្រោយពីការកំណែទម្រង់ចាប់ពីឆ្នាំ ២០១៧មក ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរបានខិតខំយ៉ាងសកម្មក្នុងការគាំទ្រដល់ការបណ្តុះបណ្តាលប្រកបដោយគុណភាព តាមរយៈជំរុញការវិនិយោគលើធនធានសិក្សា ធនធានរូបវន្តនិងការកែលម្ពប្រព័ន្ធគ្រប់ហិរញ្ញវត្ថុ ដើម្បីធានានិរន្តភាពជាយុទ្ធសាស្ត្រ ដែលមកដល់ពេលនេះ សាកលវិទ្យាល័យអង្គរបានបញ្ចប់ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់ខ្លួនប្រកបដោយភាពជោគជ័យ ហើយបាននឹងកំពុងបន្តអភិវឌ្ឍនូវផែនទីអនាគត ១០ឆ្នាំ គឺឆ្នាំ២០២៣ដល់ឆ្នាំ២០៣២របស់ខ្លួន ដើម្បីក្លាយជាកម្លាំងគាំទ្រជាតិដ៏ធំបំផុតលើការផលិតមូលធនមនុស្ស តាមរយៈ ការកំណត់ទស្សនវិស័យ «និស្សិតបញ្ចប់ការសិក្សាប្រកដដោយបរិយាបន្ននិង ក្រមសីលធម៌នៃបច្ចេកវិទ្យាឌីជីថល»។
លោកបណ្ឌិត សុខ តុញ បន្តទៀតថា ទស្សនវិស័យនេះពិតជាមិនអាចខ្វះបាននូវការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល ជាពិសេសគម្រោងអភិវឌ្ឍនានាដែលគេស្គាល់ថា ភាពជាដៃគូសាធារណៈ និងឯកជន ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានសម្ដែងនូវការកោតសរសើរចំពោះវឌ្ឍនភាព និងការអភិវឌ្ឍជាបន្តបន្ទាប់របស់ សាកលវិទ្យាល័យអង្គរ ដោយបានធ្វើការបណ្តុះបណ្តាលស្របតាមកម្មវិធីសិក្សាថ្នាក់ជាតិ និង អន្តរជាតិ និងកំណត់កម្រិតនីមួយៗតាមគុណវុឌ្ឍជាតិ ព្រមទាំងបានបង្កើតមជ្ឈមណ្ឌលជំនាញចំនួន០៤ ព្រមទាំងបានក្លាយខ្លួនជាសមាជិកទី៧ និងជាគ្រឹះស្ថានឧត្តមសិក្សាឯកជនតែមួយគត់ក្នុងនាមជាបណ្តាញសាកលវិទ្យាល័យសាយប៊័រ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ក្នុងអំឡុងពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡាបាន ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចការកំណែទម្រង់ការអប់រំនៅឧត្តមសិក្សា តាមរយៈការកែលម្អកម្មវិធីសិក្សាឱ្យមានស្តង់ដាជាតិនិងអន្តរជាតិ, ពង្រឹងសមត្ថភាពគ្រូនិងវិធីសាស្ត្របង្រៀនឲ្យរបនឹងយុគសម័យឌីជីថល, លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍, និងពង្រឹងអភិបាលកិច្ច នៅតាមគ្រឹះស្ថានឧត្តមសិក្សា ហើយនៅពេលខាងមុខនេះ ក្រសួងអប់រំនឹងបន្តអនុវត្តកំណែទម្រង់នៅឧត្តមសិក្សា ដើម្បីធានាបាននូវ ការបណ្តុះធនធានមនុស្ស សម្រាប់បម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយផ្តោត លើ ១. ការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សា, ២.ការលើកកម្ពស់គុណវុឌ្ឍ, ៣.ការជំរុញការសិក្សា ការបណ្តុះបណ្តាល និងកសាងជំនាញផ្នែកឌីជីថល និងជំនាញថ្មីៗ, ៤.ការជំរុញសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងនវានុវត្តន៍ផ្នែកឌីជីថល និង៥.ការកសាងភាពជាដៃគូជាមួយនឹងវិស័យឯកជន ក្នុងការជំរុញ និងការអភិវឌ្ឍការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ និងនវានុវត្តន៍។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន បានណែនាំដល់សាកលវិទ្យាល័យអង្គរ ត្រូវបន្តលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល ដោយគិតគូរអំពីការអភិវឌ្ឍ សមត្ថភាពសាស្ត្រាចារ្យជាប្រចាំ , ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានស្អាត ជាពិសេសត្រូវបំពាក់សម្ភារបរិក្ខារឱ្យបានសមស្របសម្រាប់ការរៀននិងការបង្រៀន , បន្តសិក្សាអំពីការបន្ថែមជំនាញមួយចំនួន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុង បរិបទយុគសម័ឌីជីថល និង ត្រូវផ្សាភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំណេះទូទៅ លើកិច្ចការងារស្លែម និងថ្នាលទំនាក់ទំនង ដើម្បីឱ្យសិស្សយល់ដឹងអំពីសារៈសំខាន់នៃការសិក្សានៅឧត្តមសិក្សា ព្រមទាំងផ្សារភ្ជាប់ការបណ្តុះបណ្ដាលទៅនឹងការងារធុរកិច្ច ការបង្កើតជាក្រុមការងារ ឬការបណ្តុះធុរកិច្ចជំនាន់ថ្មី ៕
អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត