ព្រឹត្ដិការណ៍ឆ្នាំនៃការផ្លាប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា និងចិន នឹងរៀបចំឡើងនៅតំបន់អង្គរ នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយនឹងការសម្ដែងសិល្បៈវប្បធម៌រួមគ្នាពីសំណាក់សិល្បៈករល្បីៗពីប្រទេសទាំង២ ទៀតផង។
ក្នុងកិច្ចពិភាក្សាដើម្បីត្រៀមបើកព្រឹត្ដិការណ៍ឆ្នាំ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម ជុក ជំនោ អគ្គនាយកដ្ឋាអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្ដិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងកម្ពុជា-ចិន នឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដោយមានសិល្បៈករល្បីៗពីប្រទេសចិន និងកម្ពុជា សម្ដែងសិល្បៈវប្បធម៌រួមគ្នា ដើម្បីបង្កើតចំណងមិត្ដភាពប្រទេសទាំងពីរ។ ជាពិសេសធ្វើយ៉ាងណាឱ្យមានការទាក់ទាញអ្នកទេសចរចិន ទៅទស្សនាប្រទេសកម្ពុជា ឱ្យកាន់តែច្រើនជាបន្ដបន្ទាប់ ព្រោះនៅក្នុងព្រឹត្ដិការណ៍នោះនឹងមានគណៈប្រតិភូចិនប្រមាណ ១ពាន់នាក់ ចូលរួមទស្សនា និងសិល្បៈករនៃប្រទេសចិនប្រមាណ ១០០នាក់ ព្រមទាំងសិល្បៈករខ្មែរជាច្រើននាក់។ ឯកឧត្ដមថា ក្រោយពីបញ្ចាប់ពីព្រឹត្ដិការណ៍នេះ ប្រទេសទាំងពីរនៅតែបន្ដរួមគ្នាផ្សព្វផ្សាយគោលដៅទេសចរណ៍អង្គរឱ្យកាន់តែច្រើននៅក្នុងឆ្នាំ២០២៤។
ឯកឧត្ដម ជុក ជំនោ បានឲ្យដឹងទៀតថា នៅឆ្នាំ២០២៤ ខាងមុននេះ រាជរដ្ឋាភិបាលប្រទេសទាំងពីរ បានកំណត់នៃការគោរពពិធីនេះជាសំខាន់ ដូចនេះក្រុមការងារនៃក្រសួងវប្បធម៌ និងទេសចរចិន ព្រមទាំងស្ថាប័នពាក់ព័ន្ធប្រទេសកម្ពុជា បានជួបជុំពិភាក្សាគ្នា ត្រៀមបើកព្រឹត្ដិការណ៍នេះ ឱ្យបានទូលំទូលាយ ដោយអោយអ្នកទស្សនាពីការសម្បែងសិល្បៈរួមគ្នានៅតំបន់អង្គរ ខណៈដែលព្រឹត្ដិការណ៍នេះ ធ្វើឡើងជាផ្លូវការលើកទីមួយ ក្រោយពីបញ្ចប់វិបត្ដិជំងឺកូវី១៩។
ឯកឧត្ដមបានបន្ដថា ព្រឹត្ដិការណ៍នេះ មិនត្រឹមតែទាក់ទាញអ្នកទេសចរចិនមកកាន់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរិតចំណងមិត្ដភាពប្រជាជន និងប្រជាជន វប្បធម៌ អរិយធម៌ ប្រពៃណីនៃប្រទេសទាំងពីរថែមមួយកំរិតទៀត ដោយសារព្រឹត្ដិការណ៍នេះ នឹងបើកទស្សនាដោយទូលាយឲ្យសាធារណៈជនចូលទស្សនា៕
អត្ថបទ និង រូបថត ៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក អ៊ុន ណារាជ្យ