មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលមានសមត្ថកិច្ចជាប្រតិបត្តិកររបស់ក្រសួងបាននឹងកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និ ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់កិច្ចគាំពារ ដើមី្បរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបានបើកជាប្រចាំ ខែបានទៀងទាត់ ក្នុងនោះសម្រាប់ខេត្តសៀមរាប ដោយគិតត្រឹមពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ សរុបចំនួន ៥៧.៤២៤នាក់ និងចំណាយថវិកាអស់ ១១.៧៧៩.៤៣២.០០០រៀល ។
នេះបើតាមការបញ្ជាក់របស់លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តសៀមរាប ក្នុងឱកាសបើកកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ នាអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។
លោកប្រធានមន្ទីរ មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺដើម្បីផ្សព្វផ្សាយពីទំហំសាច់ប្រាក់ឧបត្ថម្ភថ្មី និងការបើកផ្តល់របស់កម្មវិធីដល់តួអង្គប្រតិបត្តិករតាមភូមិ ឃុំ សង្កាត់ ដើមី្បបន្តផ្សព្វផ្សាយដល់អ្នកទទួលផលតាមមខ្នងផ្ទះ ឲ្យបានយល់ច្បាស់ពីទំហំប្រាក់ឧបត្ថម្ភថ្មី ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះអំឡុងពេលប្រយុទ្ធ ប្រឆាំងនឹងកូវីដ-១៩ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងខេត្តសៀមរាប ។
លោកបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តកម្មវិធីជាតិ ជំនួយសង្គម ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសាររងហានីភ័យ ខណៈការផ្តល់ប្រាក់ឧបត្ថម្ភនឹងចាប់ផ្ដើមពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤នេះ ទៅតាមទំហំប្រាក់ឧបត្ថម្ភថ្មី គឺត្រូវបានបែងចែកទៅតាមប្រភេទបណ្ណសមធម៌ និង កម្រិតនៃភាពក្រីក្រ និងបានបញ្ឈប់ការឧបត្ថម្ភលើចំនួនសមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រាឧបត្ថម្ភសម្រាប់លក្ខខណ្ឌផ្សេងទៀតគឺនៅដដែល ។
ក្នុងនាមតំណាងឲ្យគណៈអភិបាលខេត្ត លោក គង់ សំអឿន បានសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និង សហការីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រដ្ឋបាលក្រុង ស្រុក សាខាមូលនិធិជាតិ ជំនួយសង្គម និង រដ្ឋបាលឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និង ប្រតិបត្តិតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ និង សម្រេចបានសមិទ្ធផលថ្មីៗទៀតផង ព្រមទាំងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍ អង្គការយូនីសេហ្វ និង កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដែលបង្ហាញឲ្យឃើញច្បាស់ពីកិច្ចសហការប្រកបដោយភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាពជាបរិយាប័ន្ន ពិសេសការកសាងនូវសមត្ថភាពរបស់មន្ត្រី ៕
អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក លីវ សាន្ត