ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងភូមិទន្លាប់ នៃឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
លោក ឡុក វួន ប្រធានគណៈកម្មការលទ្ធកម្មឃុំស្រណាល ស្រុកក្រឡាញ់ បានឲ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំស្រណាល បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង១៨៣ម៉ែត្រ ទទឹងបេតុង៥ ម៉ែត្រ កម្រាស់បេតុង០,១៥ម៉ែត្រ មានក្រួសក្រហមស្មារ និងស្លាកសញ្ញាគម្រោងចំនួន០១ ស្ថិតក្នុងតំលៃប៉ាន់ស្មាន១០៧.៨២០.១៩៤រៀល ដោយមានក្រុមហ៊ុនចំនួន៦ បានដាក់សំណើរ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន ឃុន ដូត ក្នុងតម្លៃ ៦០.៩៣៩.០០០រៀល។
ជាមួយនឹងការទទួលបានសិទ្ធនៃការសាងសង់នេះ តំណាងក្រុមហ៊ុនម៉ៅការ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាសាងសង់ឲ្យត្រឹមត្រូវ ទាន់ពេលវេលា ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដែលចែងនៅក្នុងកិច្ចសន្យា៕
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ