នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំស្តីពីកម្មវិធីប្រមូលទិន្នន័យ ការអនុវត្តផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិឆ្នាំ២០២២-២០២៦ ក្រោមវត្តមានសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប និងមានការចូលរួមពីលោកលោកស្រីមកពីក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអង្គភាពពាក់ព័ន្ធការគាំពារ និងអភិវឌ្ឍកុមារតូចក្នុងខេត្តសៀមរាបជាច្រើនរូប។
លោកស្រី ហេង ចាន់ណា អនុប្រធានការិយាល័យមតេយ្យសិក្សា ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារប្រមូលទិន្នន័យនៅខេត្តសៀមរាប បានបង្ហាញថា កិច្ចប្រជុំនាពេលនេះ មានគោលបំណងប្រមូលទិន្នន័យ ការអនុវត្តផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ ដើម្បីវាយតម្លៃលទ្ធផលការងារពាក់កណ្តាលអណត្តិនៃផែនការ និងដើម្បីលើកទិសដៅការងារសម្រាប់បូកសរុបនៅចុងអណត្តិ។ លោកស្រីបានសំណូមពរដល់អ្នកពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ចូលរួមបញ្ចេញមតិយោបល់ឱ្យបានផុសផុល ដើម្បីបានជាធាតុចូលសម្រាប់កិច្ចការគាំពារកុមារតូចនេះ។
លោកជំទាវ យូ សុភា មានប្រសាសន៍ថា កុមារជាទំពាំងស្នងឫស្សី កុមារជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត ជាធនធានមនុស្សមួយដ៏សំខាន់ ដែលក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ មកដល់អាណត្តិទី៧នេះ ក៏នៅតែយកបញ្ហានេះដាក់ជាបញ្ហាស្នូល ជាអាទិភាពនៅក្នុងការអភិវឌ្ឍធនធានមនុស្សនេះឯង។ ដូច្នេះការអភិវឌ្ឍធនធានមនុស្សរបស់យើងឱ្យក្លាយជាធនធានមានសក្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិ យើងបានគិតគូរតាំងពីនៅជាកុមារ តាំងពីនៅក្នុងផ្ទៃ។
លោកជំទាវបន្តថា ជាមួយគ្នានេះសម្រាប់ខេត្តសៀមរាប ទាំងក្រុមប្រឹក្សាខេត្ត ទាំងគណៈអភិបាល បានខិតខំយកចិត្តទុកដាក់នៅលើកិច្ចការនេះយ៉ាងខ្លាំង ជាក់ស្តែងការជំរុញការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនជូនដល់កុមារីអាយុ៩ឆ្នាំ ក៏ដូចជាការចាក់វ៉ាក់សាំងការពារដទៃទៀតជូនដល់កុមារនៅក្នុងខេត្តសៀមរាបជាដើម ដែលសុទ្ធតែជាការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្តសៀមរាប៕
អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ