មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានជំរុញដល់អ្នកធុរកិច្ចទាំងអស់ក្នុងខេត្តសៀមរាប ដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៥នេះ ដើម្បីមានឱកាសអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនឱ្យមានការវិវឌ្ឍន៍ឈានឡើងប្រកបដោយចីរភាព និងទទួលបានពានរង្វាន់ថ្នាក់ជាតិ ពីក្រសួងឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅយកស្ដង់ដារជាតិ និងអន្តរជាតិផ្សេងៗទៀត។
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តល្អនៃប្រព័ន្ធ «ស៥» និងឧបករណ៍ផលិតភាព នាថ្ងៃទី២៥ ខែមិថុនានេះ នៅខេត្តសៀមរាប ឯកឧត្តម យា ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានបង្ហាញថា ប្រព័ន្ធ «ស៥» រួមមាន៖សម្រិតសម្រាំង សណ្ដាប់ធ្នាប់ សម្អាត ស្ដង់ដារ និងស្ថិតស្ថេរ និងនវានុវត្តន៍ ដែលជាប្រព័ន្ធសម្រាប់បង្កើនផលិតភាពអាជីវកម្មគ្រប់ប្រភេទ និងជាឱកាសសម្រាប់ម្ចាស់អាជីវកម្ម និងមន្ត្រីស្ថាប័នសាធារណៈផ្សេងៗទៀត អាចមានសមត្ថភាពក្នុងការអភិវឌ្ឍន៍អាជីវកម្មខ្លួន។

ឯកឧត្តម យា ប៊ុនណា ក៏បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ ដើម្បីអនុវត្តវិធីសាស្ត្រនេះជោគជ័យទៅបានចាំបាច់ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ មានការយល់ដឹងពីអត្ថប្រយោជន៍នៃផលិតភាព ហើយយកទៅអនុវត្តជាក់ស្តែងដោយមានទិសដៅពិតប្រាកដ ប្រកាន់ភ្ជាប់នូវគោលការណ៍ច្បាស់លាស់ សម្រាប់កែលម្អផលិតកម្ម អាជីវកម្ម ហើយខិតខំធ្វើយ៉ាងណាឱ្យថ្ងៃនេះ ប្រសើរជាងថ្ងៃម្សិលមិញ និងធ្វើឱ្យថ្ងៃស្អែក ប្រសើរជាងថ្ងៃនេះ ប្រែក្លាយអង្គភាពមួយមានវិន័យ សណ្តាប់ធ្នាប់ល្អ ដំណើរការផលិតកម្ម អាជីវកម្មកាន់តែមានប្រសិទ្ធភាព បំបាត់ភាពខ្ជះខ្ជាយ ជួយសន្សំសំចៃ កាត់បន្ថយចំណាយថ្លៃដើម អតិថិជនកាន់តែមានទំនុកចិត្តលើ គុណភាពផលិតផល និងសេវា បង្កើនប្រាក់ចំណេញបានយូរអង្វែង ដោយមិនចាំបាច់ដំឡើងថ្លៃផលិតផលនាំប៉ះពាល់ទីផ្សារថែមទៀតផង។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីផ្តល់ការគាំទ្រដល់វិស័យឯកជនក្រសួងឧស្សាហកម្ម បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តល្អ នៃប្រព័ន្ធ«ស៥» និងឧបករណ៍ផលិតភាព ដែលបានខិតខំជំរុញ និងបង្កើនប្រសិទ្ធភាព ក្នុងកម្មវិធីផ្សព្វផ្សាយបណ្តុះបណ្តាលក្នុងគោលបំណងបានយល់ដឹងអំពីអត្ថប្រយោជន៍សម្រាប់គ្រប់គ្រងក្រុមហ៊ុនសហគ្រាស សិប្បកម្ម សេវាកម្ម អាជីវកម្ម និងបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រកបដោយចីរភាព ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ អាណត្តិទី៧នេះ៕


អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ









