រដ្ឋបាលខេត្តសៀមរាប នាពេលថ្មីៗនេះ បានចេញលិខិតស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សូមកុំឱ្យមានការដំឡើងថ្លៃម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ឱកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងឆ្នាំសិក្សា២០២៤-២០២៥ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមណែនាំដល់ម្ចាស់អាជីវកម្មថតចម្លង មិនត្រូវទទួលថតចម្លងនូវសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡងឡើយ ចំពោះម្ចាស់ទីតាំងអាជីវកម្មថតចម្លងដែលមានទីតាំងនៅជិតមណ្ឌលប្រឡង សូមបិទការថតចម្លងជាបណ្ដោះអាសន្ន ក្នុងរយៈពេលនៃការប្រឡងនេះ។ ក្នុងនោះ សូមកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរនៅតាមមណ្ឌលប្រឡងនានាទូទាំងខេត្ត។ ជាពិសេសមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវផ្សព្វផ្សាយតាមវត្តអារាមក្នុងខេត្ត ដើម្បីជួយសម្រួលដល់សិស្ស និងអាណាព្យាបាលរបស់សិស្សស្នាក់អាស្រ័យក្នុងរយៈពេលនេះ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់ខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន១៦មណ្ឌល ស្មើនឹង៤៦៤បន្ទប់ មានបេក្ខជន សរុប ១១ ៥៣៣នាក់ ស្រី ៦ ៦៦៤នាក់៕



អត្ថបទ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ









