ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅខេត្តសៀមរាប ប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលចាំបាច់ត្រូវធ្វើ ព្រោះបើសុខភាពរបស់យើងល្អវានឹងនាំឱ្យគ្រួសារមានសុភមង្គល ហើយប្រទេសជាតិក៏កាន់តែរីកចម្រើន។ ក្នុងន័យនេះ លោកបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យពួកគាត់បានយល់ដឹងអំពីការថែទាំសុខភាពបឋមនេះ។

លោក នាក់ ណេរ៉ុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការជំរុញការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋផ្ទាល់តែម្ដង។ នៅពេលយើងម្នាក់ៗយល់ដឹងអំពីការថែទាំសុខភាពបឋម យើងអាចកាត់បន្ថយការទៅជួបគ្រូពេទ្យដើម្បីព្យាបាលជំងឺ។ កិច្ចការថែទាំសុខភាពបឋម
ជាការបង្ការមួយយ៉ាងល្អព្រោះវាបានជួយឱ្យយើងកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗដូចនឹងពាក្យស្លោកមួយដែលថា “ការពារប្រសើរជាងព្យាបាល”។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលបានចុះអប់រំសុខភាព និងលើកកម្ពស់សុខភាពស្ដីពីជំងឺផ្សេងៗ ទៅតាមផែនការរបស់មណ្ឌលសុខភាព ដើម្បីកាត់បន្ថយការឈឺ និងស្លាប់របស់ប្រជាពលរដ្ឋ។ ក្រៅពីនេះ ក៏មានអន្តរាគមន៍ផ្សេងៗ ដូចជាការដាក់អាបែត/បាញ់ថ្នាំមូសដើម្បីទប់ស្កាត់ការផ្ទុះរាតត្បាតជំងឺឆ្លង ដូចជា គ្រុនឈាម គ្រុនចាញ់ និងផ្ដាសាយបក្សីជាដើម។ បន្ថែមពីនេះ ក៏មានការចុះចាក់ថ្នាំបង្ការជំងឺ១១មុខ និងយុទ្ធនាការចាក់រំលឹកបន្ថែម ការចុះស្រាវជ្រាវរុករកអ្នកជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជា ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម មហារីកមាត់ស្បូន និងចុះអប់រំសុខភាព ចែកបដា ផ្ទាំងរូបភាព ខិតប័ណ្ណ និងសារក្នុងទូរស័ព្ទស្ដីពីការអប់រំសុខភាពផ្សេងៗផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ









