ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ស្ដីពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគាំពារដល់កុមារ ជាពិសេសកុមារដែលជាជនភៀសសឹក ដែលកំពុងរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យល្អប្រសើរបន្ថែមទៀត។

លោកស្រី ម៉ននី រង្សី បានលើកឡើងថា កន្លងទៅ ក៏ដូចជាបច្ចុប្បន្នក្រុមការងារកិច្ចការពារកុមារ ក្នុងខេត្តសៀមរាប មានការមមាញឹកខ្លាំងក្នុងការជួយដល់កុមារដែលជាមុខសញ្ញាប្រឈម កុមារងាយរងគ្រោះ ដែលសំដៅធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបាននូវសិទ្ធិពេញលេញដូចកុមារដទៃទៀតដែរ។ ប៉ុន្តែនៅក្នុងរយៈពេលនៃការឈ្លានពានរបស់ក្រុមទាហានថៃ ក្រុមការងាររបស់ខេត្តសៀមរាប ក៏ទទួលបានការងារបន្ថែមទៀតក្នុងការទទួលជនភៀសសឹក ក្នុងនោះក៏មានកុមារផងដែរ។
លោកស្រីបន្តថា ក្រុមការងារទាំងថ្នាក់ខេត្ត ទាំងថ្នាក់មូលដ្ឋាន សុទ្ធតែបានខិតខំបំពេញការងារ ហើយក្រុមនេះក៏រវល់ជាងបណ្តាខេត្តផ្សេងៗដែរ ព្រោះថាជាខេត្តទេសចរណ៍ គឺត្រូវប្រុងប្រយ័ត្នគ្រប់ពេលជាពិសេសបទល្មើសជួញដូរកុមារ។ ស្របពេលដែលយើងកំពុងមមាញឹក ការឈ្លានពានពីសំណាក់ទាហានថៃមកលើកបូរណភាពទឹកដីកម្ពុជា បានបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់ជម្លោះ មកតាំងទីលំនៅនៅទីសុវត្ថិភាព ក្នុងនោះខេត្តសៀមរាប ក៏ជាកន្លែងទទួលបងប្អូនជនភៀសសឹកដ៏ធំមួយដែរ។ លោកស្រីបញ្ជាក់ថា បងប្អូនជនភៀសសឹកគាត់មក កូនៗគាត់តូចៗក៏មកតាមដែរ! គាត់ខានរៀន កន្លែងស្នាក់នៅក៏ពិបាកដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យមែនទែន ។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាជនភៀសសឹកបានចូលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ចំនួន ១ ១៥៤គ្រួសារ ស្មើនឹង ៣ ៧០១នាក់៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ









