នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលស្រុកសូទ្រនិគម សហការជាមួយមន្ទីរផែនការខេត្តសៀមរាប បានរៀបចំសិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) នៅថ្នាក់ស្រុកឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក សយ វណ្ណា អភិបាលរងស្រុកសូទ្រនិគម បានលើកឡើងថា សិក្ខាសាលានេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលរដ្ឋបាលស្រុកសម្រេចបាន ដើម្បីជំរុញដំណើរការអភិវឌ្ឍន៍ស្រុក ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួន ដូចជាច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ និងអនុក្រឹត្យស្ដីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។
លោក សយ វណ្ណា បញ្ជាក់ថា ការពិនិត្យលើចំនួនគម្រោង និងថវិកានៅក្នុងកម្មវិធីវិនិយោគស្រុកនេះ គឺជាបន្ទុករបស់ រដ្ឋបាលឃុំទាំងអស់ ដែលត្រូវខិតខំកៀរគរធនធានពីគ្រប់មជ្ឈដ្ឋាន ដើម្បីឱ្យគម្រោងដែលបានស្នើឡើងភាគច្រើនអាចសម្រេចបានដោយជោគជ័យ។ តម្រូវការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងស្រុក និងឃុំមានចំនួនច្រើនលើសលប់ ហើយការសម្រេចគោលដៅនេះទាមទារឱ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធ។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែឯងមិនអាចឆ្លើយតបបានទាំងស្រុងនោះទេ ពោលគឺទាមទារឱ្យមានការរួបរួមគ្នាពីគ្រប់មជ្ឈដ្ឋាន រួមទាំងអង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជន និងសប្បុរសជន ដែលជាដៃគូមិនអាចខ្វះបានក្នុងការស្ដារ និងអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
លោកស្រី ស្រិ សុគុណ អនុប្រធានមន្ទីរផែនការខេត្តសៀមរាប បានស្នើដល់អាជ្ញាធរឃុំដែលបានស្នើគម្រោងទាំងអស់ នៅក្នុងផែនការឆ្នាំ២០២៦-២០២៨ ត្រូវស្នើឡើងនូវគម្រោងដែលចំតម្រូវការពិតប្រាកដ និងអាទិភាពរបស់មូលដ្ឋានខ្លួន ដោយផ្ដោតលើវិស័យសំខាន់ៗដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ទឹក ភ្លើង សុខាភិបាល អប់រំ កសិកម្ម។ លោកស្រីថា ផែនការនេះគឺជាលទ្ធផលនៃ កិច្ចពិគ្រោះយោបល់ និងសមាហរណកម្មពីគ្រប់ថ្នាក់ខេត្ត ក្រុងស្រុក ឃុំសង្កាត់ ដើម្បីធានានូវភាពជាម្ចាស់ និងគណនេយ្យភាព ក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
លោកស្រីក៏បានណែនាំដល់ក្រុមការងារឃុំ ត្រូវបន្តរៀបចំកម្មវិធីវិនិយោគ ដោយដកគម្រោងដែលមានការគាំទ្ររួចហើយទៅដាក់ក្នុងតារាងមានការសន្យាគាំទ្រ ហើយគម្រោងអាទិភាពដែលនៅសល់ត្រូវពិចារណាប្រើប្រាស់ មូលនិធិស្រុក-ឃុំ។ ចំណុចសំខាន់មួយទៀត គឺការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅឆ្នាំបន្ទាប់ ត្រូវអញ្ជើញអង្គការពាក់ព័ន្ធទាំងអស់ឱ្យចូលរួម ជាពិសេសក្នុងដំណើរការជំហានទី១ ដើម្បីឱ្យគម្រោងរបស់អង្គការមានបញ្ចូលនៅក្នុងកម្មវិធីវិនិយោគស្រុក-ឃុំ។ លើសពីនេះ គម្រោងនានាត្រូវរៀបចំឱ្យស្របទៅនឹងផែនការ ៥ឆ្នាំរបស់ស្រុក-ឃុំ និងទីតាំងគម្រោងត្រូវច្បាស់លាស់ ដោយបន្តកិច្ចសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្ត និងតាមដានការអនុវត្តគម្រោងឱ្យបានល្អប្រសើរ៕
អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ








