យុវសិស្សចំនួន៥រូបមកពីវិទ្យាល័យដំដែកជាក្រុមបដិសេដជាប់ជាបេក្ខភាពក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី”ការជជែកដេញដោលយុវសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្តឆ្នំា២០២៥”សម្រាប់ត្រៀមទៅប្រកួតប្រជែងនៅថ្នាក់ជាតិនាពេលខាងមុខ ក្នុងពេលដែលយុវសិស្ស៥រូបមកពីវិទ្យាល័យអង្គរជុំជាក្រុមស្រប ជាប់បេក្ខភាពទី២ស្ទួន។ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី”ការជជែកដេញដោលយុវសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្តឆ្នំា២០២៥ ក្រោមប្រធានបទ៖ “ការផ្តល់អាទិភាព សំខាន់ដល់ជំនាញ ស្ពែម(STEM )មានផលប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ” លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប មានប្រសាសន៍ថា យុវជនជាកម្លាំងសកម្មដែលទាមទារនូវស្មារតី និងសុច្ឆន្ទៈចូលរួមគ្រប់សកម្មភាពអភិវឌ្ឍខ្លួនឯងផង និងសង្គមជាតិផង។
គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា ដែលបានចាត់ទុកយុវជន ជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន រក្សាសន្ដិភាព ទាំងបច្ចុប្បន្ន និងអនាគត។ ប្រធាបទនៃកម្មវិធីនាពេលនេះមានសារៈសំខាន់ណាស់ព្រោះមានគោលបំណងបណ្តុះបណ្តាលយុវជនឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនា ការជជែកដេញដោល ការបណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលពួកគេជួបប្រទះតាមរយៈការសន្ទនា , ការកសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហានចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម ជួយពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ការទាក់ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈជាដើម ហើយក៏ជាការផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលក្នុងសមរភូមិគំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា។
លោក លី ប៊ុនណា បន្ថែមថា ប្រធានបទនេះ ក៏ជាការបង្កើនបណ្តាញទំនាក់ទំនងល្អរវាងយុវជន និងយុវជន ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាក្នុងតម្លៃជាមិត្តភាពពង្រីកធនធានយុវជន ដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់ជាតិកម្ពុជា បណ្តុះនូវចំណេះដឹងថ្មីៗ ដែលកើតចេញពីការស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យា និងការរស់នៅជាក់ស្តែង ព្រមទាំងបណ្តុះនូវគំនិតវិជ្ជមានថ្មីរបស់យុវជនដែលពួកគាត់មិនមានឱកាសក្នុងបញ្ចេញទស្សនៈរបស់ខ្លួនសម្រាប់ការចូលរួមសកម្មភាពផ្សេងៗ។
លោកប្រធានមន្ទីរក៏បានផ្តាំផ្ញើដល់យុវសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះការរៀនសូត្រជានិច្ចព្រោះ យុវជន ជាសសរទ្រូងនៃសង្គមជាតិ និងជាក្ដីសង្ឃឹមរបស់កម្ពុជាយើង។ សូមយុវជនរៀបចំខ្លួនឱ្យសាកសមទៅនឹងការផ្ដល់តម្លៃ និងការជ្រោមជ្រែងនេះ ដើម្បីយុវជនខ្លួនឯងផង ដើម្បីគ្រួសារ និងសង្គមជាតិផង ។
សូមជំរាបថា មន្ទីរអប់រំ យុវជន និង កីឡាខេត្តសៀមរាបបានជ្រើសរើសក្រុមសិស្សថ្នាក់ទី១០តាម វិទ្យាល័យក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិចាប់តាំងពីឆ្នាំ២០២២ និងបានចូលរួមក្នុងកម្មវិធីថ្នាក់ជាតិនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ហើយកម្មវិធី “ការជជែកដេញដោលយុវសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្តឆ្នំា២០២៥” ត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ជាមូលដ្ឋានបំណិនដល់យុវជន ជាពិសេសប្អូនៗ ជាយុវជននៅមធ្យមសិក្សាទុតិយភូមិ ត្រូវត្រៀមខ្លួនសម្រាប់ការងារ និងអាជីព ដែលឆ្លើយតបទៅនឹងទស្សនទានរបស់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់លើការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពទំាងក្នុង និងក្រៅសាលារៀនជាចំណុចអាទិភាពក្នុងនោះយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត។ យុវជនត្រូវមានការទទួលខុសត្រូវ អាកប្បកិរិយាវិជ្ជមាន ដើម្បីរៀនជាប់ជានិច្ចក្នុងគោលដៅចាប់យកជំនាញថ្មី និងបន្សំាទៅនឹងស្ថានភាពដែលតែងតែប្រែប្រួលជានិច្ច។ ក្នុងន័យនេះ យុវជនសតវត្សទី២១ ត្រូវមានបំណិនសតវត្សទី២១៕
អត្ថបទ៖ លោក យូ វង្ស
កែសម្រួល៖ លោកស្រី សូ ស៊ីមាន








