ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការពិភាក្សា ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្ដខេត្ត សៀមរាប នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំលេខ២ នៃរដ្ឋបាលខេត្ត លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានធ្វើការណែនាំដល់មន្រ្ដីជលផល និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់ និងជំរុញដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទក្នុងបឹងទន្លេសាបក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ត្រូវឱ្យពួកគាត់ចុះកិច្ចសន្យាអំពីការនេសាទតាមការកំណត់ ដើម្បីកុំឱ្យមានបទល្មើសនេសាទកើតមានឡើងនៅក្នុងខេត្ដសៀមរាប។
លោកអភិបាលរងខេត្ដមានប្រសាសន៍បន្ដថាសម្រាប់កិច្ចសន្យា ប្រជានេសាទត្រូវគោរពឱ្យបានទៅតាមលក្ខណៈបច្ចេកទេស នៃការធ្វើនេសាទលក្ខណៈគ្រួសារ ដែលមានចែងក្នុងលិខិតអនុញ្ញាត។ មិនត្រូវកែច្នៃកាណូត ឬម៉ាស៊ីនខុសពីទម្រង់ដើម ត្រូវប្រើកញ្ច្រែងរែងលៀសទំហំ១៣សង់ទីម៉ែត្រ រាងជាចតុកោណកែង ប្រើសាច់អួនក្រឡា៣សង់ទីម៉ែត្រ ត្រូវយកលៀសធំៗ មិនត្រូវយកលៀសល្អិតៗ និងមិនត្រូវយកលៀសដឹកជញ្ជូនទៅលក់នៅក្រៅប្រទេស មិនត្រូវធ្វើការនេសាទនៅពេលយប់ ក្នុងករណីប្រជានេសាទមិនគោរពតាមកិច្ចសន្យា នោះត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះលោកក៏បានណែនាំដល់អ្នកដឹកជញ្ជូនផលនេសាទ ត្រូវធានាថាមិនដឹកជញ្ជូនលៀសខុសច្បាប់នាំចេញទៅក្រៅប្រទេស មួយវិញទៀតមិនត្រូវដឹកជញ្ជូនលៀសតូចៗខុសពីទំហំកំណត់ លើសពីនេះទៀតមិនត្រូវដឹកជញ្ជូនលើសចំនួនដែលបានកំណត់ និងខុសទីតាំង លោកបានសង្កាត់ធ្ងន់ថា រាល់ការដឹកជញ្ជូនលៀសទាំងអស់ត្រូវមានលិខិតអនុញ្ញាតជាក់លាក់ពីគោលដៅមួយទៅគោលដៅមួយ។
លោកអភិបាលរងខេត្ដក៏បានធ្វើការជំរុញដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវបន្ដកិច្ចសហការគ្នាឲ្យបានស្អិតរមួត និងអនុវត្ដឲ្យបានឆាប់រហ័សក្នុងកិច្ចការងារនេសាទនេះ ដើម្បីធានាបាននៅស្ថិរភាពជលផលក្នុងភូមិសាស្រ្ដខេត្ដសៀមរាបរបស់យើង៕
អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក ហាំ ម៉េងហួត





