លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងថា សំណង់ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលាប្រវែង២១៥ម៉ែត្រ រាប់ទាំងជណ្តើរផងនោះ ក្នុងប្រវែងសរុប២៩៥ម៉ែត្រ ដែលសង់ថ្មីជំនួសស្ពានឈើចាស់ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន ខាំ សុម៉េត បានបញ្ចប់គម្រោងជាស្ថាពរហើយ កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ ខណៈដែលស្ពានចាស់មានសភាពទ្រុឌទ្រោម ដោយកត្តាអាយុកាល គុណភាពឈើ អាកាសធាតុ ធ្វើឱ្យស្ពានពុកផុយអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវ ពិសេសស្ពានមានទំហំតូច ចង្អៀត មិនសម នឹងកំណើនទេសចរ ទើបអាជ្ញាធរជាតិអប្សរាដោយសហការជាមួយក្រុមហ៊ុន ខាំសុម៉េត បានសម្រេចធ្វើការរុះរើ និងសាងសង់ថ្មីប្រវែង ២១៥ម៉ែត្រ លើប្រវែងសរុប និងគ្រោងចំណាយពេលបីខែក្នុងការ សាងសង់ ប៉ុន្តែដោយសារការផ្គត់ផ្គង់ឈើមានការយឺតយ៉ាវ ទើបពន្យាពេលរហូតដល់០៧ខែ គឺចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់ ខែឧសភា ឆ្នាំ២០១៩ ទើបបញ្ចប់ ដែលស្ពាននេះ ចំណាយឈើអស់ ៨៣ ម៉ែត្រគូប ធ្វើពីឈើគគីរ ផ្ចឹក និងរាំង មានការរចនាស្អាត រឹងមាំអាចធន់បានរហូតដល់ជាង១០ឆ្នាំ ថែមទាំង ព្រមទាំងបានពង្រីកទំហំពី៨០សង់ទីម៉ែត្រទៅ១.៥០ម៉ែត្រ ដើម្បីទេសចរងាយស្រួលដើរទស្សនាទៅវិញទៅមក ។
លោកបណ្ឌិត ឈាន រដ្ឋា បានឱ្យដឹងទៀតថា ប្រវត្តិនៃស្ពានឈើនេះ គឺបានសង់ឡើងនៅឆ្នាំ២០០២ ដោយក្រុមហ៊ុនភាពយន្តអន្តរជាតិមួយ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ក្នុងការថតរឿងនៅក្នុងប្រាសាទបេងមាលា ដើម្បីងាយស្រួលជញ្ជូនឧបករណ៍ថតកុនដែលមានទម្ងន់ធ្ងន់ៗ ហើយក្រោយបញ្ចប់ការថត អាជ្ញាធរជាតិអប្សរាបានថែរក្សា និងជួសជុលស្ពាននេះបន្តបន្ទាប់រហូតដល់សព្វថ្ងៃ ដើម្បីឱ្យភ្ញៀវទេសចរងាយស្រួលក្នុងការទស្សនាប្រាសាទ ហើយស្ពានឈើក្នុងប្រាសាទបេងមាលាមានប្រវែងសរុប២៩៥ម៉ែត្រនេះ ធ្លាប់ធ្វើការជួសជុលចំនួនបីលើករួចមកហើយ គឺនៅឆ្នាំ២០០៥ , ឆ្នាំ២០០៨ និងឆ្នាំ២០១៥ ។
លោកបណ្ឌិត ឈាន រដ្ឋា បានឱ្យដឹងបន្ថែមទៀតថា ស្ពានឈើនេះ បានបង្កើតនូវភាពទាក់ទាញជាខ្លាំងដល់ទេសចរគ្រប់ជាតិសាសន៍ក្នុងការផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទនិងផ្តល់ភាពងាយស្រួលក្នុងការទស្សនាសំណង់ស្ថាបត្យកម្មខ្មែរដ៏ធំមួយនេះ ដែលភាពទាក់ទាញនៃប្រាសាទបេងមាលា គឺសំណង់ស្ថាបត្យកម្មដ៏មហិមារំលេចទៅដោយក្បូរក្បាច់រចនាសម្បូរបែបរួមផ្សំនឹងភាពសុខដុម រមនា រវាងប្រាសាទនិងធម្មជាតិដែលរក្សានូវភាពដើមរបស់ប្រាសាទរួមនឹងវត្តមានស្ពានឈើ ដ៏វែងជួយសម្រួលដល់ការទស្សនារបស់ភ្ញៀវ និងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលទស្សនាក្នុងប្រាសាទ នៅក្នុងរដូវភ្ញៀវតិច ក្នុងចន្លោះពី១ម៉ឺន៥ពាន់នាក់ទៅ៣ម៉ឺននាក់ និងរដូវភ្ញៀវច្រើន ក្នុងចន្លោះពី៣ម៉ឺននាក់ដល់ជាង៤ម៉ឺននាក់ ។
លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរឱ្យដឹងថា ចំពោះបច្ចេកទេសនៃការធ្វើស្ពានឈើថ្មីជំនួសស្ពានចាស់វិញ គឺក្រុមការងារបានគណនាយ៉ាងល្អិតល្អន់ពីកម្រាស់និងទំហំឈើ ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវ ពង្រឹងរចនាសម្ព័ន្ធស្ពាន ដោយរៀបចំគ្រឿងបង្គំសំណង់ទៅតាមបទដ្ឋានបច្ចេកទេស រីឯការភ្ជាប់ឈើ គឺប្រើប៉ូឡុងសម្រាប់មួលភ្ជាប់ដែលធានាគុណភាពជាប់ជាងដែកគោល ពិសេសងាយស្រួលក្នុងការជួសជុលពេលក្រោយ ក្នុងនោះដែរ ដើម្បីការពារសំណង់ស្ពានឱ្យនៅបានយូរ ក្រុមការងារក៏បានប្រើថ្នាំការពារសត្វល្អិតចង្រៃលាបសាច់ឈើផងដែរ។
លោកពុទ្ធ សុទ្ធ បានឲ្យដឹងទៀតថា ក្រៅពីសោភ័ណភាពប្រាសាទ និងសុវត្ថិភាពនៃភ្ញៀវទេសចរ អ្នកជំនាញក៏បានគិតគូរខ្ពស់ដល់ការអភិរក្សប្រាសាទផងដែរ គឺធ្វើទៅតាមគំរូប្លង់ និងបទដ្ឋានបច្ចេក ទេសដែលសិក្សារួចមកហើយ ហើយបើកន្លែងណាប៉ះថ្ម គឺត្រូវរំកិលថ្មចេញដោយមានការសម្រង់ប្លង់មុននឹងប្តូរទីតាំង តែបើមិនអាចកំរិលថ្មចេញបាន គឺប្រើសំបកកង់ឡាន កង់ម៉ូតូទ្រាប់កុំឱ្យ ឈើ សង្កត់លើថ្មផ្ទាល់ ហើយជំនួសឱ្យការជីកដីទៅក្រោមដើម្បីរក្សាលំនឹងស្ពាន អ្នកជំនាញបានប្រើជើងតាងបេតុងដើម្បីបណ្តុះសរសរនិងទ្រលំនឹងស្ពាន ដែលកិច្ចការទាំងនេះ គឺរក្សាបានទាំងសោភ័ណភាព គុណភាពសំណង់ និងការអភិរក្សបុរាណដ្ឋានប្រកបដោយចីរភាព៕
អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អារីហ្វីន
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត