កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប , មន្ដ្រីជំនាញការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ និង មន្ត្រីនគរបាលចរាចរណ៍នៅក្រុងសៀមរាប ចុះអនុវត្ដ យុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរាណ៍ផ្លូវគោក និង រឹតបន្តឹងការពាក់មួកសុវត្ថិភាព នៅគោលដៅចំនួនពីរ គឺគោលដៅរង្វង់មូលព្រះរាជដំណាក់ និង គោលដៅរង្វង់មូលនាគ ក្នុងតំបន់ផ្សារចាស់ ។
គោលបំណង នៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីអប់រំបងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងក្រមសីលធម៌ក្នុងការបើកបរ ព្រមទាំងសួរសំនួរ និងឆ្លើយយករង្វាន់មួកសុវត្ថិភាព ក្នុងនោះបើឆ្លើយត្រូវ៣សំនួរ ក្រុមការងារជូនមួកសុវត្ថិភាព១ តែបើឆ្លើយខុស ជូនឯកសារ និងសៀវភៅច្បាប់យកទៅរៀនបន្ថែម ។
សម្រាប់បើកយុទ្ធនាការរឹតបន្តឹងការពាក់មួយសុវត្ថិភាពថ្ងៃទី០១ ខែតុលា នេះ ក្រុមការងារបានចែកមួកសុវត្ថិភាព ចំនួន២៤ មួក , សៀវភៅច្បាប់ចរាចរណ៍ ចំនួន ១២០ក្បាល , សៀវភៅម៉ូតូ ចំនួន១២០ក្បាល , ជំនួយស្មារតី ចំនួន ១.០០០សន្លឹក , ស្ទិកឃ័រមានអក្សរចំនួន ២០០សន្លឹក , សីលធម៌ ១០ចំណុច ចំនួន១៤០ សន្លឹក , ផ្ទាំងថ្មើរជើង ចំនួន ២៥សន្លឹក និង ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗ ចំនួន ២៥សន្លឹក ៕
អត្ថបទ និង រូបថត ៖ លោក អ៊ិន សីហរិទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប