ដីនៅខេត្តសៀមរាបនៅទំនេរច្រើន ហើយនៅមានតម្លៃនៅទាប ជាងបណ្តាប្រទេសផ្សេងៗ បើយើងប្រៀបគ្នាឱកាសនៃការវិនិយោគលើអចលនទ្រព្យនៅតែទទួលបានប្រាក់ចំណេញ នេះបើតាមប្រសាសន៍ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នៅក្នុងសិក្ខាសាលាស្តីអំពី” គម្រោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងខេត្តសៀមរាប ” នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ក្នុងក្រុងសៀមរាប។
សិក្ខាសាលា ដែលសហការរៀបចំឡើងដោយ ក្រុមហ៊ុន Eviews Realtors និងក្រុមហ៊ុន Pointer Property នេះ មានគោលបំណងផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍ នៃវិស័យអចលនទ្រព្យនៅក្នុងក្រុងសៀមរាប ជាពិសេសទីក្រុងរណប ដែលស្ថិតនៅក្នុងស្រុកប្រាសាទបាគង ព្រមទាំងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់អតិថិជនរបស់ខ្លួន រួមនិងសាធារណៈទូទៅ អំពីវិស័យអចលនទ្រព្យ នៅក្នុងខេត្តសៀមរាបផងដែរ ។
លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានឡើងថាតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្តសៀមរាប កំណើនវិស័យទេសចរណ៍ និងពាណិជ្ជកម្មផ្សេងៗ បាននិងកំពុងធ្វើឲ្យខេត្តសៀមរាបកាន់តែមានកំណើនសេដ្ឋកិច្ចរីកចម្រើន ក្នុងនោះវិស័យអចលនទ្រព្យក្នុងខេត្ត រំពឹងថា នឹងនៅតែមានកំណើន និងតម្រូវការកាន់តែខ្លាំងជាងមុននៅពេលអនាគត។
ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានអំពាវនាវដល់ ប្រជាពលរដ្ឋមានបំណងចង់វិនិយោគលើវិស័យដីធ្លី សូមកុំទិញដីរបស់រដ្ឋថែរក្សាទុក ដីដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់ ដីតំបន់បុរាណដ្ឋាន នា ដីព្រៃលិចទឹក ដែលជាដែនជំរកសម្រាប់ជីវៈចំរុះរស់នៅ។ ទន្ទឹមនោះ ចំពោះការទិញដីឡូត៍ សូមសួរម្ចាស់កម្មសិទ្ធដីនោះ ថាតើមានសុំច្បាប់ពីរដ្ឋត្រឹមត្រូវឬទេ រួមនិងបញ្ហាផ្ទេរកម្មសិទ្ធិប្លង់រឹង ឬទន់ផងដែរ ។
អត្ថបទ និង រូបភាព ៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក សេង ផល្លី