លោក Nat Thasak គ្រូបង្រៀនហែលទឹកអាជីព នៃសាលាបង្រៀនហែលទឹកដូលហ្វីន ស្វីមីងក្លិប បានឱ្យដឹងថា នៅពេលដែលមនុស្សធម្មតាមិនចេះហែលទឹកតែពួកគេអាចស្រែកខ្លាំងៗបានដើម្បីរកជំនួយ ខណៈពេល ដែលពួកគេជួបហេតុការលង់ទឹក ប៉ុន្តែសម្រាប់មនុស្សគ-ថ្លង់ ដែលមិនអាចស្តាប់សំឡេង និងនិយាយមិនបាន ហើយថែមទាំងមិនមានឱកាសរៀនហែលទឹកទៅទៀតនោះ តើពួកគាត់ត្រូវប្រឈមបែបណាពេលមានបញ្ហា ដូច្នេះដើម្បីឱ្យមនុស្សគ- ថ្លង់រំដោះខ្លួនចេញពីការលង់ទឹកបាន សាលាបង្រៀនហែលទឹកដូលហ្វីនស្វីមីងក្លិប បានបង្រៀនពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹក ដល់កុមារគ-ថ្លង់ ចំនួន៩០នាក់នៅខេត្តសៀមរាប ដែលមានក្រុមគ្រូបង្រៀនហែលទឹកអាជីពពីប្រទេសកម្ពុជា និងថៃ ក្នុងគោលបំណងចង់ជួយសង្គម តាមការផ្ដល់នូវកម្មវិធីបង្រៀនសប្បុរសធម៌ ទៅដល់អ្នកទាំងនោះ ជាមួយ ជំនាញដែលមានសក្ដានុពលខ្ពស់របស់យើង ដោយឥតគិតថ្លៃទៅដល់ពួកគេ ដើម្បីឱ្យពួកគេចេះ ពីរបៀបរំដោះខ្លួនឱ្យរួចពីគ្រោះថ្នាក់លង់ទឹក។
លោក Nat Thasak មានប្រសាសន៍ទៀតថា ការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ នៅខេត្តសៀមរាបសម្រាប់កុមារកំព្រានិងកុមារគ-ថ្លង់មកពីអង្គការគ្រួសារថ្មីនៅពេលនេះ គឺក្នុងគោលដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារលង់ទឹកនៅប្រទេសកម្ពុជា ជាពិសេសកុមារគ-ថ្លង់ តាមរយៈការបង្រៀនកុមារគ-ថ្លង់ឱ្យចេះហែលទឹកនេះ ដើម្បីឱ្យពួកគេចេះជួយសង្គ្រោះខ្លួនឯងនៅក្នុងទឹក នៅពេលពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់ផ្លូវទឹក ឬគ្រោះទឹកជំនន់ ហើយការបង្រៀនពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹកដល់កុមារគ-ថ្លង់នេះ គឺជាព្រឹត្តិការណ៍មួយបន្ទាប់ពីរាជធានីភ្នំពេញ ហើយនៅពេលខាងនេះ នឹងធ្វើឡើងនៅតាមបណ្តាខេត្តផ្សេងៗ ទៀត ដូច្នេះតាមរយៈនេះ សូមអំពាវនាវឱ្យដល់សប្បុរសជនជួយគាំទ្រដល់កម្មវិធីនេះ ព្រោះកម្មវិធីនេះដំណើរការទៅ បានលុះត្រាមានការឧបត្ថម្ភពីសប្បុរសជន ៕
អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប
#កុមារគថ្លង់