មានប្រសាសន៍នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩ របស់មន្ទីរព័ត៌មានខេត្តសៀមរាប លោកប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងថា ក្នុងឆ្នាំ២០១៨ កន្លងមក មន្ត្រីនៃមន្ទីរព័ត៌មានខេត្ត បានខិតខំសម្រេចការងារធំៗជាច្រើន ទោះបីប្រឈមនឹងកង្វះធនធានមនុស្ស និងថវិកាគាំទ្រក៏ដោយ។
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លោកលីវ សុខុន បានមានប្រសាសន៍ថា ដូចដែលអនុសាសន៍របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបិទសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០១៧ និង ទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែលឯកឧត្ដម បានដាក់ចេញនូវគោលការណ៍សំខាន់របស់ក្រសួង គឺការពង្រីកប្រព័ន្ធផ្សព្វផ្សាយឲ្យទៅដល់មូលដ្ឋាន និង បានជម្រុញដល់គ្រប់មន្ទីរព័ត៌មានរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទដែលខ្លួនមានស្រាប់ ជារបៀបបណ្ដាក់គ្នាដូចខ្យង ឲ្យដល់មូលដ្ឋាន។
លោកប្រធានមន្ទីរបានលើកឡើងថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ និង ដោយមានការជួយឧបត្ថម្ភជាថវិកា សម្ភារបច្ចេកទេស និងអ្នកបច្ចេកទេស ពីឯកឧត្តម ខៀវ កាញារីទ្ទ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០១៨នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានដំណើរការផ្សាយទូរទស្សន៍អនឡាញបន្ថែមទៀត។ ក្នុងនោះថវិកាមួយចំនួន ត្រូវបានយកមកសាងសង់បន្ទប់ស្ទូតឌីយោផ្សាយផ្ទាល់ ចំនួន០២ បន្ទប់ចាក់ផ្សាយ ចំនួន០១ បន្ទប់កាត់ត ចំនួន ០១ និងបន្ទប់អានព័ត៌មាន ចំនួន០១។
បច្ចុប្បន្ន មន្ទីរព័ត៌មានខេត្ត មានស្ថានីយវិទ្យុFMជាតិនគរភ្នំ ១០៣MHz ដែលមានកំលាំងផ្សាយ ៥KW ធ្វើការផ្សាយ ចាប់ពីម៉ោង៥:៣០នាទីព្រឹក រហូតដល់ម៉ោង១១យប់។
ក្នុងនោះឆ្នាំ២០១៨ ទូរទស្សន៍ជាតិខេត្តសៀមរាប បានដំណើរការផ្សាយពេញលេញ តាមបណ្ដាយសង្គម ហ្វេសប៊ុក យូធូប គេហទំព័រ និងស្ថានីយទូរទស្សន៍ខ្សែកាបអង្គរខេត្តសៀមរាបប៉ុស្ដិលេខ៩៥ ដោយឡែក មន្ទីរព័ត៌មានខេត្តសៀមរាប មិនទាន់មានស្ថានីយទូរទស្សន៍រលកធាតុអាកាស ផ្សាយនៅឡើយទេ។
តាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ក្រោមកិច្ចសហការគ្នា រវាងមន្ត្រីការិយាល័យវិទ្យុ និង ការិយាល័យទូរទស្សន៍ មន្ទីរបានធ្វើការរួមគ្នា លើកម្មវិធីផ្សាយផ្ទាល់ តាមប្រព័ន្ធផ្សព្វផ្សាយពីរ វិទ្យុផង ទូរទស្សន៍ផង ក្នុងពេលតែមួយ លើកម្មវិធីសំខាន់ៗចំនួន៤ គឺៈកម្មវិធីសន្ទនាមតិ , កម្មវិធីយើងធ្វើបាន , កម្មវិធីសំឡេងយុវវ័យ និង កម្មវិធីរួមគ្នាដើម្បីសង្គម ហើយក្នុងកម្មវិធីនិមួយៗ យើងបានចាត់ចែង រៀបចំ និង បែងចែកមន្ត្រីចុះជួបសម្ភាសន៍ផ្ទាល់ ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងទូទាំងខេត្ត ដើម្បីស្រង់យកនូវទស្សនៈ មតិចម្រុះ យោបល់ សំណូមពរ និង តម្រូវការចាំបាច់ ដែលបម្រើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយ ទៅតាមប្រធានបទនីមួយៗ ដែលទាក់ទងទៅនឹងអភិបាលកិច្ចល្អ , ការលុបបំបាត់អំពើហឹង្សាលើស្ត្រី និងកុមារ , ការលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ, ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស , ការប្រយុទ្ធប្រឆាំងការជួញដូរ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន , ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ , ការងារអប់រំ , ការងារសុខាភិបាល , ការងារវប្បធម៌ , ការងារសេដ្ឋកិច្ច , ការងារសង្គមកិច្ច និង ការងារអភិវឌ្ឍន៍ក្នុងខេត្តជាដើម ។
ក្នុងនោះដែរ វិទ្យុFMជាតិនគរភ្នំ បានសហការផ្សព្វផ្សាយ ជាមួយវិទ្យុFM ជាតិកម្ពុជា ៩៦MHz រៀងរាល់ថ្ងៃ ដោយ៖ ភាសាចិន ផ្សាយនៅម៉ោង០៣:៥០នាទី ដល់ម៉ោង៤រសៀល មានរយៈពេល១០នាទី ភាសាវៀតណាម ផ្សាយនៅម៉ោង០៤:៥០នាទីរសៀល ដល់ម៉ោង៥ល្ងាច មានរយៈពេល១០នាទី បន្ទាប់ពីកម្មវិធីព័ត៌មានភាសាជាតិ។
ជាមួយគ្នានេះ មន្ទីរបានសហប្រតិបត្តិការផ្សាយបន្តផ្ទាល់ វិទ្យុFM មិត្តភាពកម្ពុជា-ចិន ពីរាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយធ្វើការផ្សាយក្នុងមួយថ្ងៃ ១៨ម៉ោង ចាប់ពីម៉ោង០៦ព្រឹក ដល់ម៉ោង១២យប់ តាមរយៈស្ថានីយវិទ្យុFM មិត្តភាពកម្ពុជា-ចិន ១០៥MHz ខេត្តសៀមរាប ដែលមានកំលាំងផ្សាយ ៥KW។
ជាមួយគ្នានេះដែរ មន្ទីរក៏បានបែងចែក និង ចាត់ចែងឲ្យមន្ត្រីផ្នែកព័ត៌មាន ចុះយកព័ត៌មានសំខាន់ៗ ជាតិ និងអន្តរជាតិ ក្នុងខេត្តសៀមរាប។ ក្រៅពីនោះ ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិខេត្ត បានធ្វើការផ្សាយបន្តផ្ទាល់ទាំងស្រុង នូវព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ ប្រសាសន៍សម្ដេចប្រធានព្រឹទ្ធសភា ប្រសាសន៍សម្ដេចប្រធានរដ្ឋសភា ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពីទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងបានដកស្រង់នូវខ្លឹមសារសំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយកមកផលិតជាព័ត៌មានបន្ថែមផងដែរ។
លោកប្រធានមន្ទីរព័ត៌មាន បានថ្លែងកោតសរសើរដល់វិស័យផ្សព្វផ្សាយឯកជន ដូចជាម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ផ្សាយបន្ត ទូរទស្សន៍អនឡាញ ទូរទស្សន៍ខ្សែកាបក្នុងខេត្ត រួមនឹងអ្នកសារព័ត៌មានក្នុងខេត្តទាំងអស់ ដែលតែងតែសហការគ្នាយ៉ាងល្អ ជាមួយមន្ទីរព័ត៌មានខេត្តសៀមរាប។
លោក លីវ សុខុន បញ្ជាក់ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ មន្ទីរបានលើកទិសដៅសម្រាប់អនុវត្តន៍ឆ្នាំបន្ត ក្នុងនោះថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត ខិតខំប្រឹងប្រែង ពង្រឹង និងពង្រីក សកម្មភាពផ្សព្វផ្សាយវិទ្យុ FM ជាតិនគរភ្នំ និង ទូរទស្សន៍ជាតិខេត្តសៀមរាប ឲ្យបានទូលំទូលាយ ព្រមទាំងបន្តសហប្រតិបត្តិការផ្សព្វផ្សាយវិទ្យុមិត្តភាព កម្ពុជា-ចិន និងវិទ្យុ-ទូរទស្សន៍ឯកជនក្នុងខេត្ត។
ជម្រុញការចុះយកព័ត៌មានគ្រប់ព្រឹត្តិការណ៍ទាំងអស់ ផលិតព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន និងតាមដានព័ត៌មានគ្រប់សកម្មភាពក្នុងខេត្ត។ បង្កើនការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវិជ្ជាជីវៈសារព័ត៌មាន ។ បន្តការងារគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត ឲ្យមានប្រសិទ្ធភាព និងតម្លាភាព៕
រូបថត និងអត្ថបទ: លោក ជា ស្រស់
សម្រួលអត្ថបទ : លោក សេង ផល្លី