នារសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ប្រធានកិត្តិយស អនុប្រធានគណ:កម្មាធិការសាខាកាកបាទកម្រហមកម្ពុជា ខេត្តសៀមរាប បានជួបសំណេះសំណាល និងចែកអំណោយដល់កុមារគថ្លង់ ពិការភ្នែក កុមារកំព្រា និងលោកគ្រូអ្នកគ្រូ សរុបចំនួន២២២នាក់។
លោកស្រី ហុង ធារី នាយិកា វិទ្យាល័យអប់រំពិសេសសៀមរាបជម្រាបជូនថា វិទ្យាល័យអប់រំពិសេសសៀមរាបបង្កើត មកដល់បច្ចុប្បន្នមានរយ:ពេល ២១ឆ្នាំ ហើយ។ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ អង្គការគ្រួសារថ្មីបានផ្ទេរសាលាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ក្រសួងអប់រំបានប្តូរឈ្មោះសាលាទៅជា” វិទ្យាល័យអប់រំពិសេសសៀមរាប” ។ សិស្សគថ្លង់ និងសិស្សពិការភ្នែករៀនតាមកម្មវិធីរបស់ក្រសួងអប់រំ ដោយបកប្រែពីសៀវភៅសិក្សាគោលគ្រប់មុខវិជ្ជា ជាភាសាសញ្ញាខ្មែរសម្រាប់បង្រៀនសិស្សថ្លង់ និងអក្សរប្រៃយ៍ខ្មែរសម្រាប់បង្រៀនសិស្សពិការភ្នែក ហើយរៀនពេញមួយថ្ងៃ។ សិស្សគថ្លង់ចាប់ពីថ្នាក់ទី៥ និងសិស្សពិការភ្នែកចាប់ពីថ្នាក់ទី៣ ដោយបច្ចុប្បន្នមានអាគារចំនួន ១២ខ្នង សម្រាប់ថ្នាក់រៀន និងសម្រាប់សិស្សមកពីឆ្ងាយៗស្នាក់នៅផងដែរ។ សាលាមានបុគ្គលិកសរុបចំនួន៣៩ នាក់ ក្នុងនោះមានស្រី ២១នាក់ សិស្សគថ្លង់ និងសិស្សពិការភ្នែកសរុបចំនួន ១៨៣នាក់ ស្រី៧៤នាក់ ក្នុងនោះមាន សិស្សគថ្លង់ចំនួន១៤៧នាក់ មានស្រី ៦១នាក់ និងសិស្សពិការភ្នែក ៣៦នាក់ ស្រី ១៣នាក់ ។ សិស្សស្នាក់នៅក្នុងសាលាចំនួន ១២៥នាក់ មានស្រីចំនួន ៤៣នាក់ ។ ពីឆ្នាំ២០០០ រហូតដល់បច្ចប្បន្ននេះសិស្សគថ្លង់ និងសិស្សពិការភ្នែកមានការងារធ្វើចំនួន១៣០នាក់ មានស្រីចំនួន៦០នាក់ នៅតាមក្រុមហ៊ុននានា សណ្ឋាគារ ផ្ទះសំណាក់ផ្សេងៗក្នុងខេត្តសៀមរាប។
ថ្លែងសំណេះសំណាលក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន មានប្រសាសន៍ថា៖ ការពិតប្រវត្តិនៃមជ្ឈណ្ឌលកុមារគថ្លង់ខេត្តសៀមរាប ជាសាខាមួយក្នុងចំណោមសាខាទាំងបីរបស់រាជធានីភ្នំពេញ ដូចគ្នានឹងមជ្ឈមណ្ឌលកុមារគថ្លង់នៅរាជធានីភ្នំពេញដែរ ក្រោយមករាជរដ្ឋាភិបាលបានប្រគល់មជ្ឈមណ្ឌលគថ្លង់ទាំងបី ដាក់នៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជននិងកីឡា, ក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា ក្រោយមកមជ្ឈមណ្ឌលកុមារគថ្ល់ងសៀមរាប និងមជ្ឈមណ្ឌលកុមារគថ្លង់ច្បារអំពៅ ក៏បានផ្ទេរឱ្យអាជ្ញាធររាជធានី ខេត្ត ជាអ្នកគ្រប់គ្រង ស្របពេលដែលពីមុនលោកគ្រូអ្នកគ្រូនៃមជ្ឈមណ្ឌលទាំងនេះ ពុំមានប្រាក់បៀរវត្សនោះទេធ្វើការដោយស្ម័គ្រចិត្ត។ តាមរយ:ការបញ្ចូលការគ្រប់គ្រងនេះទើបលោកគ្រូអ្នកគ្រូ ទទួលបានជាមន្ត្រីក្របខ័ណ្ឌ និងមានបៀរវត្ស។
សម្តេចកត្តិព្រឺទ្ឋបណ្ឌិត បានថ្លែងកោតសរសើរដល់គណ:គ្រប់គ្រងលោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃមជ្ឈមណ្ឌលនេះ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជួយដល់កូនៗ ក្មួយៗចៅៗ ដែលជាកុមារគថ្លង់ កុមារពិការភ្នែក និងកុមារកំព្រា ទោះបីជាពួកគាត់មើលមិនឃើញ ស្តាប់មិនលឺ និយាយមិនកើតក្តី ក៏លោកគ្រូអ្នគ្រូ ប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តអស់ ជួយបង្ហាត់បង្រៀន និងអប់រំដល់កុមារទាំងនេះ។ សម្តេចកត្តិព្រឺទ្ឋបណ្ឌិត បានជំរុញលើកទឹកចិត្តកូនៗ ក្មួយៗចៅៗ នៅមជ្ឈមណ្ឌលទាំងពីរ ឱ្យយកចិត្តទុកដាក់ស្តាប់ការពន្យល់អប់រំណែនាំពីលោកគ្រូអ្នកគ្រូ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្រេបយកចំណេះដឹងឱ្យក្លាយជាធនធានមនុស្ស និងជាសរសរទ្រូងរបស់ប្រទេសជាតិប្រកបដោយសមត្ថភាព និងចំណេះដឹងពិតប្រាកដ ពិសេសជាងនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់ឱ្យកាសដល់ជនមានពិការភាព មានសិទ្ឋចូលបំរើតាមបណ្តាក្រសួង អង្គការស្ថាប័ននានាផងដែរ ។ និងបានផ្តាំផ្ញើដល់អ្នកគ្រប់គ្រងជាអាណាព្យាបាល និងលោកគ្រូអ្នគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់ ថែទាំពួកគាត់ឱ្យដូចជាកូនបង្កើត។ សម្តេចប្រធាន ក៏បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូនិងកូនៗ ក្មួយៗចៅៗនៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវមានអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសត្រូវការពារ និងប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួនចៀសវាងនូវការឆ្លងចូលសហគមន៍នូវជំងឺកូវីដ-១៩ ត្រូវប្រកាន់ ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីអំពាវនារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី បានឧបត្ថម្ភដល់មជ្ឈមណ្ឌលទាំងពីរនូវ ថវិកាចំនួន៥ពាន់ដុល្លារអាមេរិក សម្រាប់រៀបចំបាយសាមគ្គីជូនពួកគាត់ នៅពេលឆាប់ៗខាងមុខ និងបាននាំយកអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖
១. សម្រាប់វិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាបរួមមាន៖ អង្ករ២តោន, មី៤កេសធំ, ត្រីខ១០កេសតូច, ទឹកក្រូច២០កេស, ទឹកបរិសុទ្ធ២០យួរ, ទឹកផ្លែទំពាំងបាយជូ១២កេស, ទឹកផ្លែសារី៥កេស, ទឹកផ្លែប៉ោម២កេស, ទឹកផ្លែខ្វិច៧កេស, ទឹកផ្លែក្រូចលឿង២កេស, ទឹកផ្លែស្រកានាគ២កេស, ផ្លែមៀន១កញ្ច្រែង, នំអេសប៊ី៩៥កញ្ចប់, នំដាយនូស័រ១៨០កញ្ចប់, នំធុង៨ធុង និងស្ករគ្រាប់១៥កញ្ចប់ធំ។
២. សម្រាប់មជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាបរួមមាន៖ អង្ករ១តោន, មី២កេសធំ, ត្រីខ៥កេសតូច, ទឹកក្រូច១០កេស, ទឹកបរិសុទ្ធ១០យួរ, ទឹកផ្លែទំពាំងបាយជូ៦កេស, ទឹកផ្លែសារី២កេស, ទឹកផ្លែប៉ោម១កេស, ទឹកផ្លែខ្វិច៤កេស, ទឹកផ្លែក្រូចលឿង២កេស, ផ្លែមៀន១កញ្ច្រែង, នំអេសប៊ី៩៥កញ្ចប់ នំដាយនូស័រ១៨០កញ្ចប់, នំធុង៧ធុង និងស្ករគ្រាប់១៥កញ្ចប់ធំ។
៣. លោកគ្រូ អ្នកគ្រូ ចំនួន៤៥នាក់ ម្នាក់ៗទទួលបាន៖ ក្រណាត់ស១ដុំ និងវថិកា ១២ម៉ឺនរៀល។
៤. កុមារកំព្រា និងកុមារគថ្លង់ ចំនួន ២២០នាក់ ម្នាក់ទទួលបាន៖ ក្រណាត់សដុំ និងថវិកា ៣ម៉ឺនរៀល៕
អត្ថបទ៖ យូ វង្ស , រូបភាព៖ ខេង ឧត្តម
កែសម្រួល៖ លីវ សុខុន









